ខេត្តកែប: កុមារីអាយុ៩ឆ្នាំ ក្នុងខេត្តកែបនឹងទទួលបានថ្នាំបង្ការជម្ងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ។នេះបើតាមប្រសាសន៍របស់ លោកស្រី គឹម ចន្នី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជម្ងឺមហារីកមាត់ស្បូន ដល់កុមារីអាយុ ៩ឆ្នាំ នៅទូទាំង ព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងបរិវេណសាលាបឋមសិក្សាដំណាក់ចង្អើរ ខេត្ត កែប ។
លោកស្រី គឹម ចន្នី មានប្រសាសន៍ថា៖ ការដាក់បញ្ចូលថ្នាំបង្ការជម្ងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ គឺដើម្បីសង្គ្រោះជីវិតពីសេចក្ដីស្លាប់ដែលបណ្ដាលមកពីជម្ងឺមហារីកមាត់ស្បូន វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន គឺមានសារ:សំខាន់ណាស់សម្រាប់កុមារីព្រោះពួកគាត់មានបញ្ហាប្រឈមច្រើនដូចនេះវ៉ាក់សាំងនេះនិងជួយអោយកុមារីរួចផុតពីជម្ងឺដ៏កាចសាហាវនេះបាន។
ជាមួយគ្នានេះ លោកស្រី អភិបាល រងខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍសូមចូលរួម៖
១-សូមផ្សព្វផ្សាយដល់ អាណាព្យាបាលរបស់កុមារីអាយុ ៩ឆ្នាំទាំងអស់ ត្រូវនាំកូនស្រីមកទទួលវ៉ាក់សាំងជម្ងឺមហារីកមាត់ស្បូនអោយបានគ្រប់ៗគ្នា
២-សូមបន្តអប់រំ និងកៀងគរបងប្អូនប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសបន្ថែ ម
៣-ករណីមានជម្ងឺរាតត្បាត រឺជម្ងឺមានលក្ខណៈបណ្ដុំច្រើន សូមធ្វើការរាយការណ៍ជាបន្ទាន់មកមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តដើម្បីអន្តរាគមន៍។
៤-សូមផ្សព្វផ្សាយអោយប្រជាពលរដ្ឋមកទទួលសេវាពិនិត្យពិគ្រោះស្រាវជ្រាវរកជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសឈាមតាមមណ្ឌលសុខភាពអោយបានគ្រប់គ្នា។
បេីតាមរបាយការណ៍របស់លោក ឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានអោយដឹងថា កុមារីក្នុងខេត្តកែប មានចំនួន ៤៩២នាក់ ដែលត្រូវទទួលបានវ៉ាក់សាំងបង្កាជម្ងឺមហារីកមាត់ស្បូននេះ លោកបញ្ជាក់ថា ក្រសួងសុខាភិបាលបានសហការជាមួយក្រសួង អប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន ដោយបានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) អង្កការសុខភាពពិភពលោក (WHO) អង្កការមូលនិធិសម្រាប់កុមារនៃអង្កការសហប្រជាជាតិ (UNICEF) និងអង្កការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI) បានដាក់បញ្ចូលថ្នាំបង្ការជម្ងឺមហារីកមាត់ស្បូន ដល់កុមារអាយុ ៩ឆ្នាំ ក្នុងម្នាក់ទទួលបាន ១ដូស នៅទូទាំងប្រទេស ចំពោះការផ្តល់ថ្នាំបង្កាជំងឺមហារីកមាត់ស្បូននេះ ធ្វើនៅតាមសាលារៀនបឋមសិក្សា ភូមិ/ឃុំ ឬសហគមន៍ ហើយការផ្ដល់ថ្នាំបង្ការពេញមួយឆ្នាំវិញ គឺមាននៅតាមមណ្ឌលសុខភាពចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះតទៅ៕ សេង ណារិទ្ធ