ឧត្ដរមានជ័យ៖នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ពលរដ្ឋខេត្ដឧត្ដរមានជ័យ អន្ទះសាររងចាំមើល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ មានចំណាត់ការយ៉ាងណាលើលោក អៀ សុផល មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិ អូស្មាច់ ខេត្តឧត្ដរមានជ័យ? ។
ប្រជាពលរដ្ឋ បានលើកឡើងថា លោក អៀ សុផល មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិអូរស្មាច់ កំពុងល្បីថា ពូកែខាងប្មូលប្រាក់ពីពលរដ្ឋឆ្លងដែនចេញចូលទៅប្រទេសថៃ តាមច្រកទ្វាអន្តរជាតិអូរស្មាច់ ដោយកំណត់អោយពលរដ្ឋបង់ប្រាក់ក្នុងម្នាក់ ១០០បាត (មួយរយបាត) ជាកំណត់ ក្នុងការបោះត្រាលើសៀវភៅឆ្លងដែន។
ទោះជាក្រសួងមហាផ្ទៃ បានហាមឃាត់មិនអោយមានការយកប្រាក់ពីពលរដ្ឋតាមរយៈការបោះត្រាលើសៀវភៅឆ្លងដែន ឬប៉ាស្ទ័រក្ដី ក៏ប៉ុន្ដែ លោក អៀ សុផល មិនខ្វល់ទេ ទំនងលោកមេប៉ុស្តិ៍អូរស្មាច់ ចង់ស្រង់ដើមហើយមើលទៅ។
ពលរដ្ឋធ្វើដំណើរចេញចូលឆ្លងដែនទៅប្រទេសថៃតាមច្រកទ្វាអន្តរជាតិអូនស្មាច់ បានលើកឡើងថា ពួកគាត់ត្រូវបានបង់ប្រាក់ឲ្យមេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអូរស្មាច់ក្នុងម្នាក់ចំនួន ១០០បាត ជាថ្នូរក្នុងការវាយត្រានៅលើសៀវភៅឆ្លងដែនចេញចូលក្នុងទឹកដីថៃ។ ពួកគាត់បានបន្ថែមថា តាំងពីលោក អៀ សុផល មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិអូរស្មាច់ ចូលកាន់តំណែងជាមេប៉ុស្ដិ៍ នៅច្រកអូរស្មាច់ គឺគេតម្រូវបង់ប្រាក់ តាមរយ:ការវាយត្រានៅលើសៀវភៅឆ្លងដែនដោយក្នុងម្នាក់ៗ ចំនួន ១០០បាត ជាកំហិត ដោយគ្មានការលើកលែង និងយោគយល់នោះឡើយ ទោះជាពលរដ្ឋក្រីក្ររហេមរហាម ឬអ្នកជំងឺប្រភេទណាក៏ដោយ គឺត្រូវតែបង់ប្រាក់ទាំងអស់។
មហាជនខេត្ដឧត្ដរមានជ័យ កំពុងទន្ទឹងរងចាំមើលចំណាត់របស់ការក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះនគរបាលអន្តោប្រវេសន៍ព្រំដែនអូរស្មាច់ ដែលទាំងមេទាំងកូនចៅ កំពុងតែអនុវត្ដផ្ទុយ និងផ្គើនសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ យកតួនាទី មុខតំណែង មកធ្វើរបរអាជីវកម្ម រកស៊ីធ្វើស្រែលើខ្នងរាស្រ្ដ។ មិនដឹងថា ក្នុងមួយថ្ងៃៗ មានពលរដ្ឋប៉ុន្មានរយនាក់ទេ ដែលបានរងគ្រោះព្រោះរឿងអន្តោប្រវេសន៍ច្រកទ្វារអូស្មាច់ ដោយការទាប្រាក់ខុសច្បាប់នោះ។ បើឯកឧត្ដម ស សុខា មិនចាត់វិធានការទប់ស្កាត់អោយបានទាន់ពេលវេលាទេនោះ មិនដឹងថា ពលរដ្ឋប៉ុន្មានរយ ពាន់ ម៉ឺននាក់ទៀត ត្រូវរងគ្រោះនោះទេ ពីព្រោះពួកគាត់ តែងតែរងគ្រោះអស់ប្រាក់ជារៀងរាល់ថ្ងៃ នៅពេលធ្វើដំណើរចេញទៅប្រទេថៃ។
ជុំវិញករណីខាងលើ ក្រុមការងារយើង មិនទាន់ស្វែងរកការបំភ្លឺបានទេ ពីពីសំណាក់លោកមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍អូរស្មាច់ ៕ ដោយ៖ចាន់ ធី