ក្នុងសន្និសីទសារព័ត៌មានមួយ បណ្តាអ្នកទទួលខុសត្រូវក្រសួងការបរទេសចិន រាយការណ៍កាលពីថ្ងៃទី៨ តុលា ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន នឹងត្រូវចុះហត្ថលេខាអំឡុងពេលនៃទស្សនកិច្ច នាពេលខាងមុខនេះ របស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅប្រទេសអាល្លឺម៉ង់ រុស្ស៊ី និងអុីតាលី ។
លោក Li នឹងទៅកាន់ប្រទេសទាំង៣នោះ ព្រមទាំងទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិ ទទួលបន្ទុកខាងស្បៀង និងកសិកម្ម FAO នៅទីក្រុងរ៉ូម ចាប់ពីថ្ងៃទី៩ ដល់១៥ តុលា ។ លោកក៏នឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលលើកទី១០របស់អាស៊ី-អឺរ៉ុប ASEM នៅទីក្រុងមីឡាន នាថ្ងៃទី១៦ និង១៧ តុលា ។
លោក វ៉ាង ចាន់ អនុរដ្ឋមន្ត្រីការបរទេសចិនគូសបញ្ជាក់ថា លោកលី និងលោកស្រីអេនហ្សឺឡា ម័រកែល នឹងដឹកនាំរួមគ្នានូវកិច្ចប្រជុំពិគ្រោះយោបល់ចិន-អាល្លឺម៉ង់ លើកទី៣ ។ ឯកសារមួយស្តីពីការកែប្រែថ្មីនឹងត្រូវចេញផ្សាយក្រោយកិច្ចប្រជុំ នេះ ។ កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលប្រមាណជា២០ ព្រមទាំងកុងត្រាពាណិជ្ជកម្មនានា នឹងត្រូវចុះហត្ថលេខាក្នុងឱកាសនៃទស្សនកិច្ចរបស់លោក Li ។ ម្យ៉ាងទៀត ប្រទេសទាំង២ នឹងពិភាក្សាគ្នាពីនីតិវិធីនៃទិដ្ឋាការ ។
នៅប្រទេសរុស្ស៊ី លោក លី នឹងជួបពិភាក្សាជាមួយសមភាគី លោក ឌីមីឌ្រី ម៉េដវេដេវ ជួបពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ហើយលោកនឹងថ្លែងសុន្ទរកថាមួយនៅមុខវេទិកាអំពីការកែប្រែថ្មី ។ ភាគីទាំង២ នឹងចេញផ្សាយសេចក្តីប្រកាសរួមមួយ ហើយនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រមាណជា៥០ ។នៅប្រទេសអុីតាលី ប្រទេសទាំង២នឹងចេញផ្សាយសេចក្តីថ្លែងការណ៍រួមមួយព្រមទាំង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រមាណជា២០ ។
ទាក់ទិនដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១០ អនុរដ្ឋមន្ត្រីការបរទេសចិន១រូបទៀត លោក លី បាវដុង គូសបញ្ជាក់ថា ចិនសង្ឃឹមថា អាស៊ី និងអឺរ៉ុប នឹងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ហើយនឹងឈានទៅសម្រេចកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរបរិយាកាស ទេសចរណ៍ ជំងឺឆ្លង និងសំណុំរឿងអន្តរជាតិឯទៀតៗ ៕