ពិធីប្រគេនទេយ្យទានដល់ព្រះសង្ឃ វត្តអត្តខាត់ក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ 

0

កំពង់ធំ÷ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អមដំណើរដោយគណៈប្រតិភូក្រសួង ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមីព្រះមេគណខេត្ត ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងប្រធានអនុប្រធានមន្ទីរ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើន បានអញ្ជើញចូលរួមពិធីប្រគេនទេយ្យទានព្រះសង្ឃ វត្តអត្តខាត់ក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌមានវត្តទាំង១២វត្តក្នុងខេត្តកំពង់ធំ ដែលជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅតាមវត្តដែលមានការខ្វះខាតលើចង្ហាន់ នៅគ្រប់ពេលវេលានិងនៅគ្រប់ទីកន្លែង ហើយថ្ងៃនេះសម្ដេចបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកទឹកចិត្តដល់ព្រះសង្ឃដែលនិមន្តមកពីវត្តផ្សេងៗ ដើម្បីមានចង្ហាន់គ្រប់គ្រាន់ ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌដែលកន្លងទៅថ្មីៗនេះ ព្រោះសង្កេតឃើញថាវត្តមួយចំនួនពុំមានពុទ្ធបរិស័ទណាទៅកាន់បិណ្ឌនោះឡើយ ធ្វើឱ្យព្រះសង្ឃខ្វះខាតនូវចង្ហាន់ និងថវិកាសម្រាប់កសាងវត្តអារាមឱ្យមានភាពស្រស់ស្អាតផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធីប្រគេនទេយ្យទានដល់ព្រះសង្ឃសម្រាប់វត្តទាំង១២ ដែលជាអំណោយរបស់ឯកឧត្តមមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មានអង្ករ២២០បេ មី២៧៥កេស និងថវិកាមួយចំនួន ប្រគល់ជូនរួមមាន÷ វត្តនៅក្រុងស្ទឹងសែន០១វត្ត វត្តនៅស្រុកស្ទោងមាន០៦វត្ត វត្តនៅស្រុកប្រាសាទបល្ល័ង្កមាន០២វត្ត វត្តនៅស្រុកកំពង់ស្វាយមាន០២វត្ត វត្តនៅស្រុកបារាយណ៍មាន០១វត្ត ហើយពិធីនេះប្រារព្ធនៅវត្តឥន្ទ្រិយសំវរៈ (វត្តកំពង់ធំ) ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕