អភិបាលខេត្តត្បូងឃ្មុំ នាំយកពូជស្រូវរបស់រាជរដ្ឋាភិបាលជាង៣៤តោន ផ្តល់ជូនប្រកសិករក្នុងស្រុកត្បូងឃ្មុំ

0

ត្បូងឃ្មុំ: ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បាននាំយកពូជស្រូវរបស់រាជរដ្ឋាភិបាល ចំនួន៣៤,២០០គីឡូក្រាម ផ្ដល់ជូនប្រកសិករគោលដៅ ៣៤២គ្រួសារ ក្នុងឃុំបឹងព្រួល និងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ដើម្បីធ្វើការដាំដុះស្ដារឡើងវិញ បន្ទាប់ពីដំណាំស្រូវរងការខូចខាតដោយទឹកជំនន់ ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ជាក់ស្ដែងការផ្ដល់ពូជស្រូវជូនបងប្អូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ដំណាំស្រូវរបស់បងប្អូន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះគ្រួសារដែលត្រូវបានជ្រើសរើសដោយឆ្លងកាត់តាមការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារដែលមានដីស្រែអាទិភាពអាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

ជាមួយគ្នានោះ ឯកឧត្តម ជាមច័ន្ទសោភ័ណ ក៏បានណែនាំដល់លោកប្រធានមន្ទីរកសិកម្មខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវផ្តល់ការប្រឹក្សាយោបល់ដល់ប្រជាកសិករ ដើម្បីណែនាំបច្ចេកទេស ផលិតកម្ម ស្ដារដំណាំស្រូវឡើងវិញ ជៀសវាងការខូចខាតជាថ្មីទៀត។

បើតាមលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារស្ថានភាពទឹកជំនន់នេះដែរ ប្រជាកសិករមួយចំនួនបានទទួលរងផលប៉ះពាល់ បណ្ដាលឲ្យខូចខាតដំណាំស្រូវ ក្នុងឃុំចំនួន០២ ក្នុងនោះឃុំបឹងព្រួល និងឃុំពាមជីលាំង ស្មើ១៧ភូមិ មាន៣៤២គ្រួសារ មនុស្ស១,៦៣៨នាក់ ស្រី១,០៣១នាក់ លើផ្ទៃដី២០២ហិកតា។ក្នុងនោះ ឃុំពាមជីលាំងចំនួន៨ភូមិ ស្មើ២៤២គ្រួសារ លើផ្ទៃដី១៦១ហិតតា និងឃុំបឹងព្រួលចំនួន០៩ភូមិ ស្មើ១០០គ្រួសារ លើផ្ទៃដី៤១ហិតតា ហើយផ្ទៃដីខូចខាតខាងលើនេះ សុទ្ធតែអាចស្ដារឡើងវិញបាន ៕