អភិបាលខេត្តកែប: ផ្លូវប្របមាត់សមុទ្រដែលតភ្ជាប់ពីឆ្នេរកែប ទៅឆ្នេរអង្កោល សាងសង់បានប្រមាណ៨០ភាគរយហើយ

0

ខេត្តកែប: ផ្លូវប្របមាត់សមុទ្រតភ្ជាប់ពីផែកោះទន្សាយ ទៅកាន់ឆ្នេរអង្កោល មានប្រវែងជាង១១គីឡូម៉ែត្រ ដែលកំពុងសាងសង់ ពេលនេះសម្រេចលទ្ធផលកសាងបានប្រមាណ ៨០ ភាគរយហើយ។ដោយផ្លូវមួយខ្សែនេះបានស្ថាបនាឡើងក្រោមមូលលិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដែលបានចំណាយថវិកាអស់ប្រមាណ ១០,៥លាន ដុល្លារអាមេរិក។

នេះបើតាមការប្រាប់អោយដឹងពីសំណាក់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប នៅក្នុងសាលប្រជុំសាលាខេត្តកែប នាអំឡុងពេលថ្មីៗនេះ ។

លោកអភិបាលខេត្តបានបញ្ជាក់ដែរថា ផ្លូវប្របមាត់សមុទ្រនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែបនិងឆ្នេរអង្កោលនាពេលខាងមុខ ពិសេសនឹងមានកំណើនភ្ញៀវទេសចរសំរុកមកសំរាក លំហែ នៅក្នុងខេត្តកែបកាន់តែទ្វេរដង ហើយក៏ជាកក្តាមួយដ៏សំខាន់អាចបញ្ជៀសការកកកុញភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋានឆ្នេរកែបផងដែរ។

យ៉ាងណាលោកបានជំរុញដល់ក្រុមហ៊ុនដែលកំពុងម៉ៅការសាងសង់ ធ្វើយ៉ាងណាពន្លឿនការងារសាងសង់របស់ខ្លួន ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់ត្រៀមទទួលទេសចរដែលមកលេង កម្សាន្ត នាដើមខែធ្នូឆ្នាំ២០២៣នេះ ដែលខេត្តកែបត្រូវធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំពិធីបុណ្យសមុទ្រជុំទី១០ លើកទី៣។

សូមបញ្ជាក់ថា គម្រោងផ្លូវប្របមាត់សមុទ្រនេះ ជាអនុគម្រោងមួយ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុមេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាម ដែលបានសម្ពោធរួចរាល់ និងផ្ទេអោយរដ្ឋបាលខេត្តគ្រប់គ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងកំពង់ផែកោះទន្សាយ៕ សេង ណារិទ្ធ