ខេត្តកែប៖ នៅសាលប្រជុំថ្មីនៃសាលាខេត្តកែប នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំមួយរបស់គណៈកម្មការអន្តរក្រសួង រៀបចំកម្មវិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នឹងជាប្រធាន រួមជាមួយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។
កិច្ចប្រជុំនោះក៏មានវត្តមានឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា គណៈប្រតិភូមកពីបណ្តាអន្តរក្រសួងចូលរួម តំណាងក្រុមយុវជន ដៃគូក្រុមហ៊ុនឯកជន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកែប អភិបាលរងខេត្តកំពត តំណាងកងកម្លាំងប្រដាបអាវុធទាំង៣ រួមជាមួយប្រធានមន្ទីរអង្គភាពជុំវិញខេត្តកែប ដើម្បីជជែក និងបញ្ជូលធាតុចូលបន្ថែម ធ្វើយ៉ាងណា អោយដំណើរការនៃការប្រព្រឹត្តិទៅ ពិធីបុណ្យសមុទ្រលើកនេះប្រកបដោយភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់គោលដៅខ្ពស់ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយរីករាយ និងអស្ចារ្យ តាមរយៈការបង្កើតអោយមានកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃ និងពេលយប់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។
ឆ្លងកាត់ការផ្លាស់ប្តូរយោបល់ពីភាគីចម្រុះក្នុងអង្គពិធី ឯកឧត្តម បានរំពឹងខ្ពស់ថា នឹងប្រព្រឹតិ្តទៅដោយភាពសប្បាយរីករាយ និងបញ្ចប់ទៅវិញដោយផ្លែផ្កាជាមួយការចងចាំពីសំណាក់អ្នកចូលរួម ហើយឆ្លងកាត់នូវពិធីបុណ្យសមុទ្រលើកនេះ វិស័យទេសចរណ៍នៅខេត្តកែប កាន់តែមានភាពមមាញឺកបន្ថែមទៀត តាមរយៈការបញ្ជ្រាបបន្ថែមទៅកាន់អ្នកទេសចរណ៍អំពីសក្តានុពលដែលខេត្តកែបមាន ក្នុងពិធីបុណ្យសមុទ្រនោះ។ ហើយនេះក៏ជាអ្វីដែលស្ថិតនៅក្នុងគោលបំណងនៃការបង្កើតអោយមានឡើងនូវពិធីបុណ្យសមុទ្រនៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង៤របស់យើង ដែលតែងតែរៀបចំពិធីនេះជារៀងរាល់ឆ្នាំទៅតាមវេននៃខេត្តនិមួយៗ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អោយដឹងដែរថា កន្លងទៅដើម្បីអាចអោយពិធីបុណ្យជាតិមួយនេះអាចដំណើរការទៅបានដោយភាពសប្បាយរីករាយជូនភ្ញៀវជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តកែប បានប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការនានា ធ្វើយ៉ាងណាបង្កភាពងាយស្រួលក្នុងពេលរៀបចំពីធីបុណ្យសមុទ្រលើកនេះ អោយមានភាពអធិកអធម។
ឯកឧត្តមបន្តថា រដ្ឋបាលខេត្តកែប នឹងរង់ចាំសហការជាប់ជានិច្ចជាមួយគណកម្មការអន្តរក្រសួង ជាពិសេសក្រសួងទេសចរណ៍ ក្នុងភាពជាម្ចាស់ផ្ទះ រាល់តម្រូវការនានាទៅតាមលទ្ធភាពដែលខេត្តកែបអាចធ្វើទៅបាន៕ សេង ណារិទ្ធ