ប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៣ គ្រួសារស្មើនឹងទឹកប្រាក់ចំនួន ១០,០០០,០០០៛(ដប់លានរៀល)

0

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី ២៤ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៣ គ្រួសារស្មើនឹងទឹកប្រាក់ចំនួន ១០,០០០,០០០៛(ដប់លានរៀល)” ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ហើយថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំង០៣ មានឈ្មោះដូចខាងក្រោម៖
គ្រួសារទី១- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី សួស សាលី ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក សែម សុផល មន្រ្តីប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំត្រពាំងធំខាងជើង នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៣ ដោយជំងឺ(មហារីក) ស្ថិតនៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
គ្រួសារទី២- ទទួលថវិកាចំនួន ២,០០០,០០០៛(ពីលានរៀល) ជូនដល់លោកស្រី ឧត្តមសេនីយ៍ត្រី ប៉ែន សារ៉ុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវជាស្វាមីសពលោក សោ សារឹម មរណៈភាពកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយជំងឺ(ក្រិនថ្លើម) ស្ថិតនៅភូមិនៀង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
គ្រួសារទី៣- ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីលានរៀល) ជូនដល់លោកអនុសេនីយ៍ឯក កែវ ប៉ន មន្រ្តីនគរបាលជាតិចូលនិវត្តន៍ ត្រូវជាស្វាមីសពលោកស្រី វិន សុភា មរណៈកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ ដោយជំងឺ(មហារីក) ស្ថិតនៅភូមិដើមក្រូច ឃុំភ្នំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕