កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយផែនការសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយ រីករាយ និងការបែងចែកកម្លាំងចូលរួមអបអរ សាទរក្នុងពិធីប្រណាំងទូកបណ្ដែតប្រទីប នៅខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨និងទី២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយផែនការ និងសេចក្តីជូនដំណឹង ព្រមទាំងលិខិតបទដ្ឋាននានា របស់រដ្ឋបាលខេត្តកំពង់ធំ និងផែនការជាក់ស្ដែងរបស់បញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការប្រើប្រាស់កម្លាំងចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយក្នុងពិធីប្រណាំងទូក បណ្តែតប្រទីបនៅខេត្តកំពង់ធំ ក្នុងឆ្នាំ២០២៣ ។ ជាមួយនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានបញ្ជាក់ថា ដើម្បីចូលរួមអបអរ សាទរក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ធំឆ្នាំ ២០២៣នេះ អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានរៀបចំទូកខ្នាតអន្តរជាតិចំនួន១ គ្រឿង ដែលមានចំនួនកីឡាករត្រូវចូលរួមប្រកួតប្រជែងចំនួន២២នាក់ និងកម្លាំងបម្រុងចំនួន៨នាក់ សរុបចំនួន៣០នាក់ ដើម្បីចូលរួមអបអរសារទរក្នុងពិធីនេះផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់មេបញ្ជាការគ្រប់កងឯកភាព និងបណ្ដាការិយាល័យស្ថាប័នចំណុះទាំងអស់ ត្រូវរៀបចំកម្លាំងប្រចាំការ ប្រចាំបញ្ជា និងកម្លាំងត្រៀមអន្ត រាគមន៍ព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអន្តរាយផ្សេងៗនៅតាមមូលដ្ឋាននានា ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធ ភាព។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានណែនាំ និងពង្រឹងតួនាទីភារកិច្ចក្នុងការអនុវត្តន៍ការងារយ៉េនឌ័រ ព្រមទាំងបានសំណូមពរដល់យោធិននារីគ្រប់រូប ត្រូវខិតខំបំពេញភារកិច្ចដែលថ្នាក់លើ និងអង្គភាពបានប្រគល់ជូនឲ្យទទួលបានជោគជ័យ ៕