រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្ត​ស្វាយរៀង​

0

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តម-ក្រុមប្រឹក្សានៃអង្គចៅក្រមបានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងឯកឧត្តម អ៊ាក​ ​ផល្លា​ ជាប្រធានសាលាដំបូងខេត្ត​ស្វាយរៀង​ ជំនួសឯកឧត្តម​ ឌិន​ ស៉ីវុទ្ធី ដែលត្រូវផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ។​
ពិធីនេះក៏មានការអញ្ជើញចូលរួមពី​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងឯកឧត្តមសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក លោកស្រីប្រតិភូក្រសួងយុត្តិធម៌ ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី អនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រមតុលាការ ចៅក្រមអយ្យការ មេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក លោកអធិការនគរបាលក្រុង ស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ព្រៃវល្លិ៍ និងមន្ត្រីរាជការនៃសាលាដំបូងខេត្តជាច្រើនរូប។
ឯកឧត្ដម ប៉េង​ ពោធិ៍សា អភិបាលខេត្តបានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះឯកឧត្ដម ឌិន ស៊ីវុទ្ធី ដែល​ក្នុងរយៈពេល នៃការកាន់មុខតំណែង​ជាប្រធានសាលាដំបូងខេត្តស្វាយរៀង រយៈពេលជិត ៥ឆ្នាំ កន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អ​ប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុង​ការដឹកនាំអនុវត្តវិស័យច្បាប់ និងវិស័យ​តុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជ- រដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសបានចូលរួមធ្វើឲ្យខេត្តស្វាយរៀង ធានាបាន​នូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម​​​ល្អ​​ប្រសើរ និងសម្រេចបាន​នូវសមិទ្ធផលល្អៗជាបន្តបន្ទាប់។ ទន្ទឹមនេះ​ សូមផ្តាំផ្ញេីដល់ឯកឧត្តមប្រធានសាលាដំបូងខេត្តស្វាយរៀងដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ​ ត្រូវបន្តពង្រឹងការសហការ និងសាមគ្គីភាពឯកភាពផ្ទៃក្នុង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋាន​​​គតិយុត្តនានា​ជាធរមាន ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥យ៉ាង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីពង្រឹង​យន្តការ នៃការដឹកនាំគ្រប់គ្រងសាលាដំបូងខេត្ត ក្នុងការធានាគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព នៃការផ្ដល់សេវា និងបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងវិស័យ​​យុត្តិធម៌ ដែលជាចំណែកមួយចូលរួមធ្វើឲ្យកាន់​តែ​ប្រសើរឡើង​ និងកាន់តែមានប្រសិទ្ធភាព​នូវការអនុវត្តកម្មវិធីកំណែទម្រង់ កម្ម​វិធី​នយោបាយ​​ និងយុទ្ធសាស្រ្ត​បញ្ចកោណ ​ដំណាក់កាល​​​ទី១ របស់រាជរដ្ឋា-ភិបាល​ ។

ក្នុងនោះសូមឲ្យមានការសហការ​ និងទំនាក់ទំនងល្អជាមួយរដ្ឋបាល​ដែនដីគ្រប់លំដាប់​ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្ត​តួនាទី​ភារកិច្ចរបស់ខ្លួន ប្រកបដោយភាពម្ចាស់ការ ការទទួលខុសត្រូវ និងស្របតាមនីតិវិធីនានាជាធរមាន ។
ឯកឧត្តម​ កេីត​ រិទ្ធ​ ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញេីនូវចំណុចសំខាន់ៗ​មួយចំនួនដូចខាងក្រោម៖
១-ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, សម្អាតប្រាក់, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងត្រូវអនុវត្តទោសបន្ថែមដែលជាការបណ្តេញចេញពីកម្ពុជាចំពោះជនល្មើសជាជនបរទេស ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរថា ចំពោះជនល្មើសដែលមានសញ្ជាតិ ២ ក្នុងនោះមួយជាសញ្ជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឬឃុំខ្លួនបណ្តោះអាសន្ន នៅលើទឹកដីខ្មែរ, ចៅក្រមនិងព្រះរាជអាជ្ញាពុំមានកាតព្វកិច្ចតាមផ្លូវច្បាប់ណាមួយដែលត្រូវជូនដំណឹងទៅស្ថានទូតបរទេសឡើយ ដោយត្រូវចាត់ទុកជនល្មើសនោះជាជនជាតិខ្មែរ ដែលនេះសញ្ជាក់ពីការលើកតម្កើងអធិបតេយ្យភាពជាតិខ្មែរ។
២-នៅពេលជំនុំជម្រះក្តី ត្រូវវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ។
៣-ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ, រៀបចំសមាសភាពមន្ត្រីដើម្បីទទួលការបណ្តុះបណ្តាលបន្ត ហើយមន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។
៤-ត្រូវពង្រឹងគុណភាពនៃការតាក់តែងសាលក្រម/សាលដីកាដោយត្រូវមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចផ្តល់កិច្ចសហការធានាឱ្យសេចក្តីសម្រេចរបស់តុលាការត្រូវបានអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
៥-ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ចក្ខុវិស័យច្បាស់លាស់ ប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ជាពិសេស ការត្រៀមលក្ខណៈគ្រប់បែបយ៉ាងចូលរួមអនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខនេះ៕គឹមសេង