អភិបាលរងកំពង់ធំជម្រុញអោយម្ចាស់សហគ្រាសទាំងអស់នៅក្នុងខេត្តកំពង់ធំ ផលិតអោយមានស្តង់ដា អនាម័យ និងដាក់បញ្ជូន ទៅកាន់ ក្រុមហ៊ុនធំៗ ក្នុងស្រុក និងក្រៅប្រទេស

0

កំពង់ធំ ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងមន្ត្រីជំនាញ អាជ្ញាធរស្រុកតាំងគោក ស្រុកសន្ទុកចុះពិនិត្យ និងសិក្សារ នៅសហគ្រាសធុនតូចផលិតទឹកសៀង ទឹកត្រី និងទឹកស៊ីអ៊ីវ របស់លោកលឹម សម្បត្តិ ស្ថិតនៅភូមិ ច្រនាង ឃុំច្រនាង ស្រុកតាំងគោក, ស្ថានីយផលិតផ្គត់ផ្គង់ទឹកស្អាតរបស់លោកស្រី ជា ស្រីមុំ ស្ថិតនៅ ភូមិនាងល្អ ឃុំទ្រៀល ស្រុកតាំងគោក មានតំបន់សេវាកម្មចំនួ ន ៤៣ភូមិ ស្ថិតក្នុង ៦ឃុំ និងសហគ្រាសផលិតទឹកកកដើម និងទឹកកកអនាម័យ របស់លោក រស់ ចិន្តា ស្ថិតនៅភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ។

លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា នៅសហគ្រាសធុនតូចផលិតទឹកសៀង ទឹកត្រី និងទឹកស៊ីអ៊ីវ របស់លោកលឹម សម្បត្តិ ផលិតផល ក្នុងស្រុក ស្នាដៃកូនខ្មែរ គិតពី គុណភាព និង សុខភាព ជា ចម្បង និងមាន ទស្សនៈវិស័យ លើកស្ទួយ ផលិតផល ក្នុងស្រុក និង ធ្វើ ឲ្យ មាន ការចូលរួមសហការ ពី គ្រប់ ដៃគូ ដើម្បី ផលិត និង កែច្នៃ វត្ថុធាតុដើម ក្នុងស្រុក ឲ្យ ទៅ ជា ផលិតផល សម្រេច ។ គ្រប់ ផលិតផល របស់សហគ្រាស ជា ផលិតផល ដែល ត្រូវបាន ទទួលស្គាល់ ពី វិទ្យាស្ថាន ស្តង់ដារ ដោយ អនុលោម ទៅតាម ពាក្យស្លោក របស់ សហគ្រាសគឺ គុណភាព និង សុខភាព ជា ចម្បង ពោលគឺ ក្រុម ហ៊ុន មិន គិតតែ ទៅលើ ផល ចំណេញ តែ មួយ មុខ ទេ គឺ ផ្តោត សំខាន់ទៅ លើ ការចូលរួ ម ចំ ណែ ក លើកស្ទួយ សេដ្ឋកិច្ច សហ គមន៍ និង សុខភាព របស់ អ្នកប្រើប្រាស់ ។

លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា នៅស្ថានីយផលិតផ្គត់ផ្គង់ទឹកស្អាតរបស់លោកស្រី ជា ស្រីមុំ គម្រោង អភិវឌ្ឍន៍ ផ្គត់ផ្គង់ ទឹកស្អាត ក្នុង ស្រុក នេះ នឹង រួមចំណែក លើកស្ទួយ វិស័យ ទឹកស្អាត នៅ កម្ពុជា ដែល អាច ធានាបាន នូវ និរន្តរភាព នៃ ការប្រើប្រាស់ សេវា ទឹកស្អាត ធានា ផ្ដល់ សេវា ទឹកស្អាត ប្រកបដោយ គុណភាព មិនមាន ក្លិន ល្អក់កករ ឬ មាន ជាតិពុល និង ធានា សុវត្ថិភាព ជូន ដល់ ប្រជាពលរដ្ឋ ។

អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងបន្ថែមថា នៅសហគ្រាសផលិតទឹកកកដើម និងទឹកកកអនាម័យ របស់លោក រស់ ចិន្តា គោលបំណងសំខាន់ ក្នុងការចុះសិក្សា និងពិនិត្យនេះ គឺចង់ផ្សព្វផ្សាយដល់ម្ចាស់សហគ្រាស សិប្បកម្ម ផលិតទឹកកក ទឹកកកអនាម័យទាំងអស់ឱ្យយកចិត្តទុកដាក់ ដោយត្រូវធានាថាផលិតផលទាំងនោះ គឺផលិតឡើងតាមស្តង់ដារ មានគុណភាពអនាម័យ ធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

អភិបាលរងខេត្តកំពង់ធំបានបានបញ្ជាក់ថា ចំពោះការធ្វើអនាម័យរបស់សហគ្រាសធុនតូចសិប្បកម្មផលិតទឹកកកដើម និងអនាម័យ គឺត្រូវគោរពតាមគោលការណ៍អនាម័យ ចំនួន ៣ចំណុច គឺចំណុចទី១៖ ផ្តោតលើអនាម័យទីតាំងផលិតកម្ម វត្ថុធាតុដើម និងខ្សែច្រវាក់ផលិតកម្ម ត្រូវតែស្អាត និងមានអនាម័យ ត្រូវមានភ្លើងបំភ្លឺសមស្រប មានបណ្ដាញលូបង្ហូរទឹក ឬកាកសំណល់ចោល ត្រូវមានបន្ទប់ទឹកធំទូលាយ មានកន្លែងសម្រាប់លាងដៃជើងមុននឹងចូលធ្វើការ ត្រូវមានឧបករណ៍សម្រាប់ចាប់ឬការពារសត្វល្អិត មានសីតុណ្ហភាពសមស្រប, ចំណុចទី២៖ ការធ្វើអនាម័យបុគ្គលិក ឬកម្មករ ត្រូវមានការបណ្ដុះបណ្ដាលផ្នែកអនាម័យខ្លួនប្រាណដល់បុគ្គលិកកម្មករ កម្មករ ត្រូវមានសម្លៀកបំពាក់ និងស្បែកជើងស្អាតក្នុងពេលបំពេញការងារ និងចំណុចទី៣៖ គឺការធ្វើអនាម័យសម្ភារវេចខ្ចប់ផលិតផលសម្រេច សំបកវេចខ្ចប់ត្រូវធ្វើឡើងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងចៀសវាងការចម្លងមេរោគ និងភាពកខ្វក់។

ជាចុងក្រោយលោក ងួន រាសី បានបន្ថែមទៀតថា សូមប្រជាពលរដ្ឋ គ្រប់រូប ជួយគាំទ្រផលិតផលខ្មែរ គ្មានសារធាតុដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយយោងទៅតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ទាក់ទងនឹងការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងសេដ្ឋកិច្ចជាតិ៕