ពិធីបិទវគ្គបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ជាតិ និងប្រគល់ប័ណ្ណសរសើរដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និទ្ទេសល្អ ល្អបង្គួរ នៅសាលាអនុវិទ្យាល័យព្រៃព្រាល

0

កំពង់ធំ÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ក្រើនរំលឹកដល់សិស្សានុសិស្ស និងក្រុមហាត់របាំទាំងអស់ ត្រូវតែយកចិត្តទុកដាក់រក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរយើង ដែលគ្រូសិល្បៈបានបង្រៀនពីរបាំមួយចំនួនដល់ក្មួយៗ ដើម្បីរក្សានៅវប្បធម៌ប្រពៃណីជាតិ នឹងយកទៅបង្រៀនដល់ក្មេងជំនាន់ក្រោយទៀតឱ្យស្គាល់កាន់តែច្បាស់។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត លោកស្រី ជា សោភារី ប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរណ៍ នៃអាជ្ញារធជាតិសំបូរព្រៃគុក លោក ម៉ៅ សុវណ្ណឌី ជំនួយការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហ៊ាម ជាង ប្រធាន(ស្តីទី) ការិយាល័យ សារមន្ទីរខេត្តកំពង់ធំ លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សប្រមាណជាង៣០០នាក់ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ជាតិ និងប្រគល់ប័ណ្ណសរសើរដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និទ្ទេសល្អ ល្អបង្គួរ នៅសាលាអនុវិទ្យាល័យព្រៃព្រាល ស្ថិតនៅភូមិព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

លោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យព្រៃព្រាល បានលើកឡើងពី ស្តិតិគ្រូសិស្ស អគារសិក្សាមាន០១ខ្នង មាន០៦ បន្ទប់ បន្ទប់រៀន០៥បន្ទប់ និងទីចាត់ការ០១បន្ទប់ ជា អំណោយរបស់ សម្តេចអគ្គសេនាមហាសេនាបតីតេជោ ហ៊ុន សែន កសាងនៅឆ្នាំ២០០៨។ គ្រូបង្រៀនមាន១០នាក់ ស្រី០៥នាក់ សិស្សដើមឆ្នាំមាន២៦៨នាក់ ស្រី១៤៧នាក់ មាន៣កម្រិតថ្នាក់ គឺទី៧ ៨ និង៩។

ឯកឧត្តម ជា វ៉ាន់ចាន់ បានមានប្រសាសន៍ថា សុំឱ្យកូនទាំងអស់ស្គាល់ពីគុណធម៌ គឺសំដៅទៅលើការស្គាល់ខ្លួនឯងស្គាល់ក្រុមគ្រួសារ និងស្គាល់សង្គមជាតិទាំមូល។ ក្នុងនោះត្រូវមានសុជីវធម៌ក្នុងខ្លួន គឺសំដៅទៅលើ ការទទួលយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ពីមិត្តថាបងប្អូន ដើម្បីយកទៅអនុវត្តនៅក្នុងមូលដ្ឋានឱ្យមានភាពល្អប្រសើរឡើង។ ចំពោះសីលធម៌វិញ គឺចង់បង្ហាញពីពីការរស់នៅរបស់កូនៗ ត្រូវចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក មានការទទួលខុសត្រូវ និងចេះគោរពប្រតិបត្តិដល់មាតាបិតា និងលោកគ្រូអ្នកគ្រូផងដែរ។

ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវតែខិតខំរក្សារបាំដែលជាសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស សូមលើកទឹកចិត្តដល់ក្មួយៗ ដែលបានខិតខំចំណាយពេលវេលាមកសិក្សារៀនសូត្រជាមួយគ្រូរបាំ ដើម្បីរក្សានៅប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង។ កូនៗទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រ ពិសេសចៀសឱ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា សម្រាប់របាំដែលបណ្ដុះបណ្ដាល ដល់សិស្សានុសិស្សនៅអនុវិទ្យាល័យព្រៃព្រាល មាន០៥របាំគឺរបាំជូនពរ របាំនារីជាជួរ របាំណាំណាវ របាំដួងចន្ទ និងរបាំយាយកន្តែរ៉ែ។ ពិធីប្រគល់ប័ណ្ណសរសើរដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និទ្ទេសល្អ ល្អបង្គួរមាន÷០៨នាក់ សិស្សនិទ្ទេសB មាន០២នាក់ សិស្សនិទ្ទេសC មាន០៤នាក់ និងសិស្សនិទ្ទេសD មាន០២នាក់ផងដែរ ៕ ដោយលោក ធូ កែវមុន្នី