អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាមានគោលបំណងប្រែក្លាយឱ្យទៅជាប្រទេសផលិត ក៏ដូចជា អ្នកផ្គត់ផ្គង់ផលិតផល ស្វាយចន្ទី សម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា ការអភិវឌ្ឍខេត្តទាំងមូល យើងបាន នឹងកំពុងជំរុញវិស័យ សំខាន់ៗ ដូចជាពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ សិប្បកម្ម ហិរញវត្ថុ ធនាគារ សេវាដឹក ជញ្ជូន សុខាភិបាល សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងវិស័យផ្សេងៗ ទៀត មានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ ចំពោះវិស័យ កសិកម្ម គឺមានការ អភិវឌ្ឍជាបន្តបន្ទាប់ ដែលធានាការផ្គត់ផ្គង់ស្បៀងបានគ្រប់គ្រាន់។

នៅក្នុងឆ្នាំ២០២៣នេះ ដំណាំស្រូវមានផ្ទៃដីអនុវត្ត ១៨៤.៤៨៣ ហិចតា ស្មើនឹង ៨៦,៩៦% នៃផែនការ ២១៣.៣០០ ហិចតា ដំណាំដំឡូងមីមានផ្ទៃដីអនុវត្ត ៦២.៤១១ ហិចតាដំណាំ ស្វាយចន្ទីមានផ្ទៃដីអនុវត្ត ១១៧.៩៩០ហិចតា ដំណាំស្វាយកែវរមៀតមាន ផ្ទៃដីអនុវត្ត៨.៤៥៧ ហិចតា ដំណាំតាង៉ែន ៧៥ហិចតា និងដំណាំកៅស៊ូមានផ្ទៃដីដាំដុះ ៧៩.៨១៨,៨២ ហិចតា។

ឯកឧត្តមអភិបាលរងខេត្តបន្ថែមថា សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ នៅថ្ងៃនេះ ពិតជាសំខាន់ដល់គ្រប់តួ អង្គពាក់ព័ន្ធ ក្នុងខ្សែច្រវាក់ផលិតផលនិងតម្លៃ ស្វាយចន្ទី ដើម្បីស្វែងយល់ និងទាញយកអត្ថប្រយោជន៍ពីគោលនយោបាយនេះ។ ខ្ញុំសង្ឃឹមថា សមាជិក សមាជិកាទាំងអស់ នឹងចូលរួមស្ដាប់ហើយ និងផ្តល់ជាមតិយោបល់យ៉ាងផុសផុល។

លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបាន ឱ្យដឹងថា ដំណាំស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម និងជាដំណាំ អាទិភាពមួយ ក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការ ប្រកួតប្រជែង តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់ ហើយរាជរដ្ឋាភិបាល មានឆន្ទៈជំរុញអភិវឌ្ឍន៍ និងចង់ឱ្យកម្ពុជាក្លាយ ទៅជាប្រទេស នាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ កម្ពុជាមានគោលបំណងប្រែក្លាយឱ្យទៅជាប្រទេសជាអ្នកផលិត ក៏ដូចជា ផ្គត់ផ្គង់ផលិតផល ស្វាយចន្ទី សម្រាប់បម្រើទីផ្សារក្នុងស្រុកតំបន់ និងពិភពលោក។

លោកជំទាវបានបន្តថា គ្រាប់ស្វាយចន្ទីឆៅ មានចំនួន ៣៨៩ ១៧៤តោន បាននាំចេញទៅប្រទេសដូចជា៖ ប្រទេសចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ។ គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន៧៥៦តោន ដោយនាំចេញទៅប្រទេសដូចជា៖ ប្រទេសចិន សាធារណៈរដ្ឋឆែក ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសហូឡង់ ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសតៃវ៉ាន់ និងសហរដ្ឋអាមេរិក រយៈពេល០៩ ខែ ឆ្នាំ២០២៣ ។ ចំណែកផលិតផលគ្រាប់ស្វាយចន្ទី ស្ងួតជាមធ្យមមានតម្លៃ ១,៦៥៨ដុល្លារ ក្នុង១តោន រីឯក្នុងខែកញ្ញា តម្លៃកើនដល់ ១៩០០ដុល្លារ ក្នុង១តោន។ ហើយកត្តាទាំងអស់ខាងលើនឹងក្លាយជាកម្លាំង ចលករយ៉ាងសំខាន់ក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅ ប្រែក្លាយកម្ពុជា ជា អ្នកនាំចេញស្វាយចន្ទីដ៏ ធំមួយរបស់ពិភព លោកនៅពេល អនាគតខាងមុ នេះផងដែរ៕ ដោយលោក ធូ កែវមុន្នី