កំពង់ចាម: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គោលនយោបាយ របស់រាជរដ្ឋាភិបាល គឺនិរន្តភាព និងសង្គតិភាព ដោយបន្តថែរក្សាសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងអាណត្តិកន្លងមក និងបន្តកសាងថ្មីបន្ថែម ហើយជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។ ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិត ចំនួន ១២.០៦០នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស ដែលមានមូលដ្ឋាន ស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមាន នៃហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែរីកកកើតឡើង ដោយបានបន្តការផ្សារភ្ជាប់ប្រជាជន ពីតំបន់មួយទៅតំបន់មួយកាន់តែលឿន និងផ្តល់ផលប្រយោជន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ។ ជាក់ស្តែង ការបើកការដ្ឋានពង្រីកផ្លូវជាតិលេខ ៧ ដោយមាន ៤គន្លង និងគម្រោងព្រែកជីកហ្វូណន ដែលនឹងតភ្ជាប់សមុទ្រ និងទន្លេ ។ សមិទ្ធផល ដែលយើងកំពុងមានជាង ៤០ឆ្នាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានផ្តល់ជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះ នៃលំនឹងលើគ្រប់វិស័យ និយាយជារួម និងវិស័យរោងចក្រ-សហគ្រាស និយាយដោយឡែក ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ប្រជាពលរដ្ឋបានផ្តល់នូវជំនឿចិត្ត តាមរយៈ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះជាសក្ខីភាពយ៉ាងច្បាស់លាស់ បញ្ជាក់អំពីការគាំទ្រ និងការស្រលាញ់សុខសន្តិភាព និងបន្តអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំនាវាកម្ពុជា សំដៅឆ្ពោះទៅការអភិវឌ្ឍរីកម្រើនទៅមុខទៀត ។ មូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យ គឺការណ៍ដែលប្រជាពលរដ្ឋ បានចេញទៅបោះឆ្នោត ហើយការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ក៏ជាមូលដ្ឋាននៃការគាំទ្រសន្តិភាព ស្ថិរភាព និងសេចក្តីសុខសុភមង្គលក្នុងការរស់នៅរបស់ប្រជាជន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោត គឺជាកិច្ចសន្យាក្នុងលិទ្ធិប្រជាធិបតេយ្យ ដែលមានរយៈពេល ៥ឆ្នាំ រវាងម្ចាស់ឆ្នោត និងគណបក្សនយោបាយ ។ កាលបើការដឹកនាំ របស់គណបក្សនយោបាយ ដែលទទួលបានការគាំទ្រធ្វើមិនបានល្អ នោះម្ចាស់ឆ្នោតនឹងសម្រេចចិត្តជាថ្មីនៅថ្ងៃបោះឆ្នោត ។ កន្លងមក យើងអាចកត់សម្គាល់ថា សន្លឹកឆ្នោត របស់គណបក្សប្រជាជនកម្ពុជា មានកាន់តែកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ ទាំងនេះគឺជាតឹកតាំងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវ និងការរៀបចំចងក្រងគោលនយោបាយកាន់តែល្អ សកម្ម និងប្រកបដោយស័ក្តិសិទ្ធភាព ៕