រដ្ឋបាលខេត្តកំពង់ធំ៖ ស្វាយចន្ទីដើម្បីបង្កើនការដាំដុះ និងនាំចេញផលិតផលគ្រាប់​ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើន

0

កំពង់ធំ៖ នៅរសៀល​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣​
ឯកឧត្តម ងួន​​ រាសី អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា ការបង្កើនលទ្ធភាពក្នុងការនាំចេញគ្រាប់ស្វាយចន្ទី​កែច្នៃ ពីសំណាក់សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរ​នេះ គឺដើរស្របតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីដើម្បីបង្កើនការដាំដុះ និងនាំចេញផលិតផល​គ្រាប់​ស្វាយ​ចន្ទី ទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើន ដែលក្រសួងពាណិជ្ជកម្ម ក៏ជារាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការលើកឡើងនេះនាឱកាស​ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ អមដំណើលោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនៈកិច្ច​សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបន្តថាបច្ចុប្បន្នសេចក្តីព្រាងច្បាប់នៃគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីនេះ​ បានដល់ដំណាក់កាលចុងក្រោយហើយ ដែលយើងត្រូវបញ្ជូលធាតុចូលសំខាន់មួយចំនួនពីក្រសួង-ស្ថាប័ន និងគ្រប់ពីតួអង្គពាក់ព័ន្ធ ជាពិសេសពីសំណាក់អ្នកដាំដុះ អ្នកកែច្នៃ អ្នកនាំចេញ ដើម្បីឱ្យគោលនយោបាយនេះដើរដោយរលូត មានប្រសិទ្ធភាព ប្រកបដោយនិរន្តរ៍ភាព​។

លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានទីតាំងក្នុងភូមិអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឱ្យដឹងថាសិប្បកម្ម​ផ្តើមដំណើរការតាំងពីឆ្នាំ​២០២០​ ដោយផ្តើមចេញពីការប្រកបអាជីវកម្មជាលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេល នេះបានចុះបញ្ជីដំណើរ​ការនាំចេញរយៈពេល​ជិត​​០៤ឆ្នាំហើយ។

លោកស្រីបន្តថា ខ្សែចង្វាក់ក្នុងការផលិតរបស់សិប្បកម្ម​មានសមត្ថភាពក្នុងការផលិត គ្រាប់ស្វាយចន្ទីបានចំនួន ២តោនក្នុងមួយថ្ងៃ នៃផលិត ផលវត្ថុធាតុដើម​មិនទាន់កែច្នៃ។ ផលិតផលសម្រេចរបស់សិប្បកម្ម​បាននាំចេញទៅលក់ នៅទីផ្សារទំនើបជាច្រើនទូទាំងប្រទេសកម្ពុជា និងបាននាំចេញទៅកាន់ទីផ្សារ និងបង្កើនការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន និងអូស្រ្តាលីផងដែរ។ អត្ថបទលោក ធូ កែវមុន្នី