ស្ថាប័នពាក់ព័ន្ធរួមមានធនាគារជាតិនៃកម្ពុជា និងវិស័យឯកជន បានរួមគ្នាសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ថ្លែងបើកក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានេះថា ការកសាងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុពីបាតដៃទទេរ រហូតទទួលបានសមិទ្ធផល និងការទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោកដូចសព្វថ្ងៃ គឺពិតជាមិនអាចទៅរួចនោះទេ ប្រសិនបើប្រទេសកម្ពុជាមិនមានស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ។ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា កត្តាសុខសន្តិភាព និងកត្តាស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់បរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង ព្រមទាំងអំណោយផលដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ដូចមាននាពេលសព្វថ្ងៃ ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នា។

ក្នុងឱកាសនេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានក្រើនរំលឹកចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ចំពោះកិច្ចការពារអតិថិជនដែលជាការងារអាទិភាព និងសំខាន់ចាំបាច់មួយសម្រាប់គ្រឹះស្ថាន ដើម្បីធានាឱ្យបាននូវការផ្តល់សេវាហិរញ្ញវត្ថុ ជាពិសេស សេវាឥណទាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវ  និងគិតគូរដល់សិទ្ធិនិងផលប្រយោជន៍របស់អតិថិជន។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងក្នុងសិក្ខាសាលានេះដែរថា កន្លងមក ធនាគារជាតិនៃកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ ថែរក្សាសុខុមាលភាព និងនិរន្តរភាពនៃវិស័យ ធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលវិស័យនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលដៅរួមចំណែក លើកស្ទួយ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ បន្ថែមលើនេះ សិក្ខាសាលានាថ្ងៃនេះពិតមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ហើយយើងខ្ញុំដែលជាប្រតិបត្តិករមីក្រូហិរញ្ញវត្ថុក៏នឹងទទួលបានផងដែរនូវអនុសាសន៍ល្អៗបន្ថែមទៀតពីសំណាក់ឯកឧត្តមទេសាភិបាលរង លោកជំទាវរងអភិបាលេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីយកទៅអនុវត្តនៅក្នុងប្រតិបត្តិការរបស់ខ្លួន ឱ្យកាន់តែមានភាពប្រសើរទ្បើងថែមទៀត៕ អត្ថបទលោក ធូ កែវមុន្នី