រដ្ឋបាលស្រុកស្ទោង បញ្ជាដល់កងកម្លាំងទាំង៣និងជំនាញពាក់ព័ន្ធត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងទប់ស្កាត់បទល្មើសផ្សេងៗឱ្យបានដូចភ្លៀងរលឹម

0

កំពង់ធំ÷ លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង នាព្រឹកពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសាលាស្រុកស្ទោង សំដៅពង្រឹងគុណភាពប្រសិទ្ធភាពការងារការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទូទៅ ការទប់ស្កាត់បទល្មើសផ្សេងៗ ការទប់ស្កាត់ក្មេងទំនើងនិងការរក្សាសុវត្ថិភាព សុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះលោក សាយ គឹមឡម ក៏បានវាយតម្លៃខ្ពស់នូវគុណភាពនិងប្រសិទ្ធភាពការងារកន្លងមករបស់កងកម្លាំងទាំង៣ និងជំនាញពាក់ព័ន្ធ ក្នុងការរក្សានូវសន្តិសុខសុវត្ថិភាពទូទៅជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព។ ជាពិសេសនៅក្នុងអំលុងពេលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរកន្លងទៅមកគួរឲ្យមានមោទនភាពក្រៃលែង ហើយត្រូវបន្តនិរន្តរភាពនេះឱ្យបានជារៀងរហូតដូចភ្លៀងរលឹម។

លើសពីនេះ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ក៏បានបញ្ជាដាច់ខាត ដល់កងកម្លាំងទាំង៣និងជំនាញពាក់ព័ន្ធ ត្រូវធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពបំផុត  សំដៅនាំគ្នាថែរក្សាធនធានធម្មជាតិ មច្ឆជាតិ ត្រីកម្រ ឱ្យបាននូវគង់វង្ស និងការចូលរួមលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសគឺបងប្អូនប្រជានេសាទតាមបែបលក្ខណៈគ្រួសារ។

ទន្ទឹមនឹងនេះផងដែរលោក សាយ គឹមឡម បានបញ្ជាក់បន្ថែមអំពីការអនុវត្តឱ្យមានប្រសិទ្ធភាពនៃគោលការណ៍ភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ជូន ជាពិសេសការទប់ស្កាត់បទល្មើសគ្រឿងញៀន ការប្រើប្រាស់និងចែកចាយគ្រឿងញៀន ក្មេងទំនើង អំពើចោរកម្ម លួច ឆក់ ក៏ដូចជាការរក្សាសន្តិសុខសុវត្ថិភាពសាធារណៈនិងការចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍។

ជាចុងបញ្ចប់លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពស្រុក ក៏បានណែនាំបន្ថែមដល់គ្រប់មន្ត្រីជំនាញពាក់ព័ន្ធអត្រានុកូលដ្ឋានអត្តសញ្ញាណបណ្ណ ត្រូវអនុវត្តនិងធ្វើកិច្ចការនេះប្រកបដោយការយកចិត្តទុកដាក់ជាពិសេសគឺភាពត្រឹមត្រូវនៃទិន្នន័យរបស់សាមីខ្លួនក៏ដូចជាការបំពេញសំណុំលិខិតឯកសារដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាស់បានត្រឹមត្រូវ ព្រមទាំងមានភាពងាយស្រួលតាមតម្រូវការជាក់ស្ដែង៕ អត្ថបទលោក ឆុន ឆេងក្រឹម