កំពង់ធំ÷ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា ការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ(កុមារសតវត្សរ៍ទី២១) ដើម្បីអភិវឌ្ឍ និងបង្កើនសកម្មភាពសិស្សានុសិស្សមកពីបណ្តាលខេត្តផ្សេងៗទាំង២៥រាធានីខេត្ត ដែលមិនអាចខ្វះបាននៅក្នុងការងារអប់រំ ពីព្រោះការបោះជំរំនេះ ធ្វើឱ្យពួកគាត់ចេះសង្កេត ចេះពិចារណា ដោយបង្កើនស្មារតី ធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រឡាញ់ ថែរក្សាការពារបរិស្ថាន និងបុគ្គលប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាព ជាពិសេសការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍របស់យុវជនផងដែរ។
ឯកឧត្តមអភិបាលរងខេត្ត បន្តថាការបោះជំរំនេះពិតជាមានសារៈសំខាន់ណាស់ ជាពិសេសបានផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ដោយបេសកកម្មនេះមានគោលបំណងអភិវឌ្ឍ និងផ្តល់ថាមពលដល់ពួកគាត់ និងយុវជនទាំងអស់ ដើម្បីក្លាយជាសសរទ្រូងសម្រាប់ប្រទេសជាតិនៅថ្ងៃក្រោយ។
ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជាបានថ្លែងថា នេះគឺជាថ្នាលបណ្ដុះបណ្ដាល មួយដ៏មានសារៈសំខាន់ និងបានផ្ដល់ឱកាសសម្រាប់ កាយរឹទ្ធិប្អូនៗ ក្មួយៗ យកអស់សមត្ថភាព កម្លាំងកាយចិត្ត បទពិសោធន៍របស់ខ្លួន ដើម្បីធ្វើការផ្លាស់ប្ដូរចែករំលែកគ្នាទៅវិញទៅមក សំដៅរួមចំណែកអភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើនឡើង ដែលធ្វើឱ្យខ្លួនមានសេចក្ដីព្យាយាមសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯងកាន់តែខ្លាំងឡើង។
ឯកឧត្តមបានបន្តថា កាយរឹទ្ធិប្អូនត្រូវតែពង្រឹងសាមគ្គីភាពរវាងគ្នា និងគ្នាក្នុងសង្គមឱ្យបានកាន់តែជិតស្និទ្ធ ត្រូវខំរៀនសូត្រត្រូវចេះធ្វើការសិក្សាស្រាវជ្រាវរៀនសូត្រដោយខ្លួនឯង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឱ្យប្រឡងងជាប់ និងមានភាពជោគជ័យនៅថ្ងៃអនាគត។
ឯកឧត្តមបានលើកឡើងថា ការបោះជំរំកាយរឹទ្ធិពិភពលោក គឺការប្រមូលផ្ដុំកុមារ និងយុវជន ជាសមាជិក នៃចលនាកាយរឹទ្ធិជាតិដ៏ច្រើនកុះករមកពីគ្រប់ទិសទីដើម្បីធ្វើសកម្មភាពរួមគ្នា និងមានគោលបំណងរួមចំណែកការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្ដានុពលភាពពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ និងទៅជាសមាជិកក្នុងសហគមន៍ តាមមូលដ្ឋានរស់នៅសហគមន៍ជាតិ និងអន្តរជាតិ។
ឯកឧត្តមអនុប្រធានកាយរឹទ្ធិជាតិកម្ពុជាបានបន្ថែមថា នៅក្នុងប្រទេសកម្ពុជាក៏នឹងមានការរៀបចំព្រឹត្តិការណ៍បោះជំរំកាយរឹទ្ធិប្អូនលើកទី១ ក្រោមប្រធានបទ(កុមារសតវត្សរ៍ទី២១) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ។ ព្រឹត្តិការណ៍បោះជំរំកាយរឹទ្ធិប្អូននេះធ្វើឡើងក្នុងក្របខណ្ឌអាយុចាប់ពី៩ឆ្នាំដល់១១ឆ្នាំ។ មានកាយរឹទ្ធិប្អូន មកពីបណ្តាលខេត្តទាំង២៥រាជធានីខេត្តទាំង២៥ ជិត១០០០នាក់ និងមាន ៤ជំរំ រួមមាន៖ អនុជំរំភ្នំសន្ទុក- អនុជំរំភ្នំត្បែង- អនុជំរំភ្នំជី -អនុជំរំភ្នំស្រះខ្ចៅ ៕
ចុងក្រោយឯកឧត្តមអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បន្ថែមលើចលនាកាយរឹទិ្ធពិភពលោកនិងចែករំលែកនូវអនុសាសន៍ល្អដល់ក្រុមកាយរឹទិ្ធទាំងអស់ត្រូវចេះមានសាមគ្គីភាព ពាំនាំវប្បធម៌ ដល់មិត្តភ័ក្ត ចាំស្តាប់បង្គាប់គ្រូដឹកនាំ បង្កើតបណ្តាញទំនាក់ទំនង និងសិក្សាជំនាញថ្មីៗពីការរៀបចំជំរំ និងបំណិនកាយរឹទិ្ធកម្មផ្សេងៗ។ អត្ថបទលោក ធូ កែវមុន្នី