ផ្លូវជាតិលេខ៩៤បាននិងកំពុងរងនូវការខូចខាត ក្រោយជំនន់ទឹកភ្លៀងស្រកប្រជាពលរដ្ឋអំពាវនាវអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ឲ្យជួយបញ្ឈប់សកម្មភាពរថយន្តដឹកជញ្ជូនធុនធ្ងន់ ឆ្ពោះទៅប្រទេសឡាវ

0

ព្រះវិហារ៖ ប្រជាពលរដ្ឋរស់នៅភូមិណារ៉ុង ឃុំឆែបពីរ និងប្រជាពលរដ្ឋ រស់នៅឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ឲ្យជួយបញ្ឈប់សកម្មភាពរថយន្តដឹកជញ្ជូនធុនធ្ងន់ ដែលតែងតែធ្វើសកម្មភាពដឹកអង្ករទៅលក់នៅប្រទេសឡាវទាំងយប់ទាំងថ្ងៃ ដែលបណ្តាលឱ្យកំណាត់ផ្លូវជាតិលេខ៩៤ រងការខូចខាត ធ្វើឱ្យពួកគាត់ពិបាកធ្ងើដំណើរ និងដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារ ។

ប្រជាពលរដ្ឋនៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ «កំណាត់ផ្លូវជាតិលេខ៩៤ ពីស្រុកឆែប ទៅព្រំដែនឡាវ កាលពីឆ្នាំកន្លងទៅ ទោះរដូវវស្សាភ្លៀងធ្លាក់ ជោគជាំយ៉ាងណា ក៏មិនដល់ថ្នាក់រងការខូចខាតធ្ងន់ធ្ងរ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរដែរ ប៉ុន្តែនៅឆ្នាំនេះផ្លូវជាតិលេខ៩៤ បានរងការខូចខាតធ្ងន់ធ្ងរ ដោយសាររថយន្តធុនធ្ងន់ដឹកអង្ករ ទៅលក់ឯប្រទេសឡាវ និងរថយន្តដឹកសុីម៉ង់តិ៍ពីព្រំដែនឡាវយកមកលក់ក្នុងស្រុក បើកបរទាំងយប់ ទាំងថ្ងៃ ទើបបណ្តាលធ្វើឱ្យផ្លូវនេះរងការខូចខាតធ្ងន់ធ្ងរយ៉ាងនេះ» ។

ប្រជាពលរដ្ឋសូមសាទរ និងសប្បាយរីករាយចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោយពេលភ្លៀងចាប់ផ្តើមរាំងភ្លាម បានដឹកជញ្ជូនគ្រឿងចក្រមកធ្វើការជួសជុល ថែទាំកំណាត់ផ្លូវជាតិលេខ៩៤ឡើងវិញ រហូតមកដល់ថ្ងៃបានជួសជុលយ៉ាងស្អាតបណ្តើរហើយ ។

ប្រជាពលរដ្ឋបានបន្តថា ស្របពេលដែលក្រុមការងារ ជួសជុល ថែទាំផ្លូវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងធ្វើសកម្មភាពជួសជុលផ្លុវ គឺគាត់សង្កេតឃើញថារថយន្តដឹកអង្ករទៅលក់នៅប្រទេសឡាវ មិនមានសកម្មភាពដឹកដូចពេលមុនៗទេ ដែលកត្តានេះពួកគាត់សន្និដ្ឋានថាមកពីគេកំពុងជួសជុលផ្លុវទើបរថយន្តដឹកអង្ករមិនមក ឫមួយពេលផ្លូវធ្វើស្អាតហើយ ទើបរថយន្តដឹកអង្ករនេះដំណើរការឡើងវិញ? ។

ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋរស់នៅឃុំឆែបពីរ ឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ សូមមេត្តាបញ្ឈប់សកម្មភាពរថយន្តដឹកជញ្ជូនធុនធ្ងន់ដឹកអង្ករទៅលក់នៅប្រទេសឡាវ កុំឱ្យដំណើរការតទៅទៀត ចៀសវាងធ្វើឱ្យផ្លូវខូច ប្រជាពលរដ្ឋពិបាកធ្វើដំណើរ៕