សិក្ខាកាមចំនួន២២រូប បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញនិងគួរឱ្យចង់ទស្សនា

0

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយទៅជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា នៅឯសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៉ែន ចំរុង មានប្រសាសន៍ថា សិក្ខាកាមចំនួន២២រូប ដែលបានទទួលវគ្គបណ្ដុះបណ្ដាលជំនាញនេះ មួយចំនួនគឺជាមន្ត្រី និងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា និងមួយចំនួនទៀត មកពីសារមន្ទីរទួលស្លែង អាជ្ញាធរជាតិសំបូរព្រៃគុក និងអាជ្ញាធរជាតិព្រះវិហារ។
សិក្ខាកាម បានទទួលការបណ្ដុះបណ្ដាលលើជំនាញជាច្រើន ដូចជា ឱ្យស្គាល់ពីអ្វីជាសារមន្ទីរ? តួនាទីរបស់អ្នករៀបចំតាំងពិព័រណ៍(Curator) គោលការណ៍នៃការគ្រប់គ្រងវត្ថុសិល្បៈ តើសិល្បៈប្រភេទណាខ្លះដែលគួរលើកយកទៅដាក់តាំងពិព័រណ៍? ការបង្ហាញអំពីការរៀបចំពិព័រណ៍ បរិយាកាសជុំវិញការរៀបចំតាំងពិព័រណ៍និងសុវត្ថិភាពនៃការតាំងពិព័រណ៍ជាដើម។

អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានចាត់ទុកវគ្គបណ្ដុះបណ្ដាលជំនាញរៀបចំនិងកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញនិងគួរឱ្យចង់ទស្សនានេះថា គឺជាកិច្ចការមួយដែលប្រព្រឹត្តឡើងក្នុងក្របខណ្ឌជាតិ ក្នុងគោលបំណងជំរុញធ្វើយ៉ាងណាដើម្បីឱ្យសារមន្ទីរមានភាពប្រសើរឡើង ក្នុងការទាក់ទាញភ្ញៀវទស្សនា ហើយក៏ធ្វើឱ្យសារមន្ទីរក្លាយទៅជាកន្លែងប្រវត្តិសាស្ត្រ និងកន្លែងអប់រំចំណេះដឹងផងដែរ៕