កិច្ចប្រជុំបួកសរុបលទ្ធផលការងារប្រចាំខែតុលានិងលើកទិសដៅបន្តខែវិច្ឆិកាឆ្នាំ២០២៣របស់រដ្ឋបាលខេត្តស្វាយរៀង

0

ដោយគឹម សេង
ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបួកសរុបលទ្ធផលការងារប្រចាំខែតុលានិងលើកទិសដៅបន្តខែវិច្ឆិកាឆ្នាំ២០២៣របស់រដ្ឋបាលខេត្តស្វាយរៀង ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីមេធាវីប្រចាំរដ្ឋបាលខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ តំណាងស្នាក់ការស៊ើបការណ៍ប្រចាំខេត្តស្វាយរៀង នៃការិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មន្ត្រីរាជការខិតខំចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌកន្លងទៅ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរស្រុក ឃុំ មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ ដែលខិតខំយកចិត្តទុកដាក់អនុវត្ត និងសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអន្តរាគមន៍ចាត់វិធានការដោះស្រាយ ទប់ស្កាត់ និងឆ្លើយតបបានយ៉ាងទាន់ពេលវេលាចំពោះករណីឆ្លងជំងឺផ្ដាសាយបក្សីនៅភូមិម្រាក់ទាប ឃុំត្រស់ និងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក នាពេលកន្លងមក មិនឲ្យមានការឆ្លងរីករាលដាលទៅតំបន់ ភូមិសាស្ត្រ និងប្រជាពលរដ្ឋផ្សេងទៀត រហូតដល់យើងសម្រេចបានលទ្ធផលជោគជ័យ និងបិទបញ្ចប់ករណីនេះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។
២.ត្រូវបន្តតាមដានឃ្លាំមេីល និងទប់ស្កាត់ចំពោះជំងឺផ្តាសាយបក្សី បេីទោះបច្ចុប្បន្នយេីងបានដោះស្រាយជោគជ័យក៏ដោយ អាជ្ញាធរពាក់ព័ន្ធត្រូវបន្តផ្សព្វផ្សាយណែនាំវិធានការការពារដល់ប្រជាពលរដ្ឋ ក្នុងករណីមានសត្វបក្សូី ឈឺ ឬងាប់ ត្រូវចាត់វិធានការឆ្លេីយតបអោយបានទាន់ពេលវេលា។
៣.មន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅ ត្រូវធ្វេីការជួសជុលនិងកែលម្អឡេីងវិញដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។
៤.អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធត្រូវផ្សព្វផ្សាយដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់កុំឲ្យតម្លេីងថ្លៃ ក្នុងឱកាសដែលសិស្សមកប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ ទន្ទឹមនោះត្រូវសហការជាមួយព្រះចៅអធិការវត្តដេីម្បីសម្រួលដល់កន្លែងស្នាក់នៅហូបចុកសម្រាប់សិស្សដែលមិនមានលទ្ធភាពស្នាក់នៅផ្ទះសំណាក់ឬសណ្ឋាគារ។
៥.រដ្ឋបាលក្រុង-ស្រុកត្រូវជំរុញ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងទៅដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋស្តីពីការបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានទាន់ពេលវេលា។
៦.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ ការប្រើប្រាស់គ្រឿងញៀន និងចាត់វិធានការចំពោះក្មេងទំនើងនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
៧.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបចំស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ ។
៨.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ៕