កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដី តាមជួយថែរក្សាការពារ ក្នុងពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទិប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល ដេីម្បីអបអរសាទរបុណ្យចេញព្រះវស្សា នៅក្រុងកំពង់ចាម ។
សូមជម្រាបថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា មានរយៈពេលពីរថ្ងៃ នៅវេទិកាអុំទូក ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលនៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។
ព្រមជាមួយការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨- ៣០ ខែតុលា ឆ្នាំ២០២៣ នេះ ។
គួរបញ្ជាក់ថា សម្រាប់ទូកដែលបានដាក់ពាក្យសុំចូលប្រកួតមានចំនួន ៤៨ទូក ក្នុងនោះទូកអុំបុរសខ្នាតវែង ២0ទូក ស្មេីនឹង ១១គូ និងទូកខ្នាតអន្តរជាតិចំនួន ២៨ទូក ស្មើនឹង ១៤គូ ចំពោះកម្លាំងកីឡាករគឺ មានចំនួន ២០៩៤នាក់ និងកម្លាំងត្រៀមចំនួន ៤១២នាក់ សរុប ២៥០៦នាក់ ចំពោះការប្រណាំងទូក ង និងទូកខ្នាតអន្តរជាតិ គឺមានចម្ងាយ ១៨០០ម៉ែត្រ ដែលចាប់ផ្តើមអុំរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការប្រគល់រង្វាន់ជ័យលាភី លេខ១ លេខ២ និងលេខ៣ ដោយឡែកក្នុងនោះក៏មានស្តង់តាំងពិព័រណ៍ចំនួន ១០៥ស្តង់ និងការប្រគំតន្ត្រីផងដែរ ៕