ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច នៅស្រុកសន្ទុក  

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី និងយោធិននារីក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក  ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ទិត្យ ចាន់ នាយសេនាធិការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងារប្រចាំការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា រយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះ ភ្លៀងបានធ្លាក់ជាប់ៗគ្នានៅប៉ែកខាងលើ បានបណ្ដាលឲ្យទឹកហូរបុកយ៉ាងគំហ៊ុកធ្លាក់មកលើតំបន់ដីសម្បទានសង្គមកិច្ច ដែលបងប្អូនអតីតយុទ្ធជនកំពុងរស់នៅ ហើយមួយផ្នែកទៀតដោយសារប្រព័ន្ធលូរំដោះទឹក មានទំហំតូច បណ្ដាលឱ្យទឹកហូរធ្លាក់ទៅតំបន់ខាងក្រោមមិនទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន និងកងកម្លាំងប្រចាំការ នៅលើដីសម្បទានសង្គមកិច្ចនេះ ត្រូវត្រួតពិនិត្យកាយសម្រាម និងវត្ថុផ្សេងៗ តាមប្រពន្ធលូរំដោះទឹកនីមួយៗ ដើម្បីឲ្យទឹកហូរបានលឿនឆាប់ស្រកចុះពីក្នុងភូមិឋានរបស់បងប្អូនអតីតយុទ្ធជន។ ចំពោះស្ថានភាពទំហំលូមុខទឹកតូចចង្អៀត ដែលមិនអាចរំដោះទឹកបានទាន់ពេលវេលា និងត្រូវរាយការណ៍ជូនស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធដើម្បីធ្វើការកែលម្អនៅពេលខាង មុខ។ ជាមួយនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវប្រុងប្រយ័ត្ន ណែនាំដល់កូន ចៅ ជៀសវាងបណ្ដាលឱ្យគ្រោះថ្នាក់ដោយសារជំនន់ទឹកភ្លៀងនេះ ហើយត្រូវរស់នៅឲ្យមានអនាម័យល្អ ជៀសផុតពីជំងឺដង្កាត់ផ្សេងៗក្នុងពេលជំនន់ទឹកភ្លៀងនេះ ។

នៅក្នុងឱកាសនេះ  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ  ចន្ទមុន្នី ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ចំនួន១៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន នូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ ។

គួរបញ្ជាក់ផងដែរថា អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលីចំនួន១៤១ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារចំនួនមួយហិកតាកន្លះ និងផ្ទះថ្មីមួយខ្នងសម្រាប់រស់នៅកសាងជីវភាពថ្មីនៅក្នុងសង្គមជាតិ ៕