កម្ពុជាមិនឯកភាពចំពោះសំណូមពរថៃ ដែលសូមដើរល្បាតលើផ្លូវរួមជាមួយកម្ពុជា ហើយបោះបង់ចោលផ្លូវរបស់ខ្លួនធ្លាប់ដើរកន្លងមកនោះ.!

0

ព្រះវិហារ៖ នៅក្នុងជំនួបមួយ រវាងថ្នាក់ដឹកនាំកងពល របស់កម្ពុជា និង ថ្នាក់ដឹកនាំកងកម្លាំងស៊ុរៈណារីថៃ នៅច្រកព្រំដែនអានសេះ កាលពីថ្ងៃទី ២៨ តុលា ចុងសប្តាហ៍កន្លងទៅ លោកឧត្តមសេនីយ៍ត្រី ណាត់ ស៊ីអុីន មេបញ្ជាការ កងកម្លាំង ស៊ុរៈណារី នៃព្រះរាជាចក្រថៃ ចង់ឲ្យខាងកម្ពុជាឯកភាព ឲ្យកងទ័ពរបស់ខ្លួនមានវត្តមានដើរល្បាតរួម នៅលើផ្លូវល្បាតដែលខាងកម្ពុជាកំពុងដើរល្បាតជារៀងរាល់ថ្ងៃ ដោយឡេះថាខ្លួនធ្លាប់ដើរលើផ្លូវខាងកម្ពុជា ហើយឈប់ដើរនៅលើផ្លូវដែលខ្លួនធ្លាប់ដើរល្បាត រាល់ថ្ងៃកន្លងមកទៅវិញ ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងដោយបញ្ជាក់ថា កងទ័ពកម្ពុជាឯកភាពចំពោះកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនងល្អ រួមគ្នាទប់ស្កាត់បង្ក្រាបរាល់សកម្មភាពល្មើសគ្រប់ប្រភេទ សំដៅលើការងារអភិវឌ្ឍន៍នៅក្នុងតំបន់ ប្រែក្លាយព្រំដែនសុខសន្តិភាព ធ្វើឲ្យពលរដ្ឋមានឱកាសដោះដូរទំនិញគ្នា ស្របតាមអ្វីដែលរដ្ឋាភិបាលថ្មី នៃប្រទេសទាំងពីរចង់បាន ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា ចំនុចដែលខាងភាគីថៃចង់បាន កម្ពុជាយើងមិនឯកភាពឡើយ ព្រោះកន្លងមកថ្នាក់លើ ក៏ដូចជាថ្នាក់កងពលយើងទាំងពីរ បានយល់ព្រម នឹងធ្វើការឯកភាពគ្នា តាមគោលការណ៍ដោយរក្សាគោលដៅឈរជើងចាស់ ហើយមិនឲ្យមានសកម្មភាពកើតឡើងថ្មី «ពោលគឺកងទ័ពកម្ពុជា និងកងទ័ពថៃ ឈរជើងនៅចំនុចណា ដើរផ្លូវល្បាតណា ត្រូវអនុវត្តតាមអ្វីដែលយើងធ្លាប់បានព្រមព្រៀងហើយនិងឯកភាពគ្នាកន្លងមក» ។

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ព្រោះកន្លងទៅជាយូរឆ្នាំមកហើយ កងទ័ព យើងទាំងពីរកម្ពុជា-ថៃ ដែលកំពុងមានវត្តមានឈរជើងតាមបណ្តោយព្រំដែន ក្នុងទិសទី១ ប្រាសាទព្រះវិហារ មានសភាពស្ងាត់ស្ងៀម បើទោះបីជាមានរឿងរាវខ្លះៗ យើងតែងតែយកគោលការណ៍ដោះស្រាយគ្នាដោយសន្តិវិធីតាមរយៈការណាត់ជួប ហូបបាយសាមគ្គី ចេញល្បាតជាមួយគ្នាជាប្រចាំតាមចំនុច និងទិសដៅដែលអង្គភាពយើងទាំងពីរទទួលខុសត្រូវ ពិសេសរាល់ពេលមានពិធីបុណ្យប្រពៃណីផ្សេងៗ កងកម្លាំងប្រដាប់អាវុធប្រទេសទាំងពីរ តែងតែរៀបចំធ្វើរួមជាមួយគ្នា សំដៅបង្កើនភាពស្និតស្នាល សាមគ្គី ឯកភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ព និងកងទ័ព ប្រជាជន និងប្រជាជន ប្រទេសជាប់ព្រំដែន៕ សួន លីណា