កំពង់ចាម: ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ខណៈភ្ញៀវទេសចរណ៍ប្រមាណ៥០ម៉ឺននាក់បានចូលរួមទស្សនាកម្សាន្ត ក្នុងពិធីអុំទូក បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិពណ៍ ដែលរៀបចំឡើងដោយអាជ្ញាធរខេត្តកំពង់ចាម កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ញើញចូលរួមពីឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានាជាច្រើនរូបផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្តកំពង់ចាម ដែលបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម ក៏ដូចជាបងប្អូនទស្សនិកជន ទាំងអស់ ក្រោមម្លប់នៃសុខសន្តិភាព។ បន្ថែមពីនេះ ការរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប អុចកាំជ្រួច ពិតជាបានចូលរួមថែរក្សាវប្បធម៌ប្រពៃណី និងការលើកស្ទួយវិស័យកីឡាអុំទូក។ ក្រៅពីនេះ រដ្ឋបាលខេត្តកំពង់ចាមក៏មានការរៀបចំតាំងពិព័រណ៍សមិទ្ធផលនានារបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ពិព័រណ៍ភូមិមួយផលិតផលមួយ ដើម្បីដាក់បង្ហាញអំពីសមិទ្ធផល និងបង្ហាញការរីកចំរើនរបស់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆ្នាំ២០២៣នេះ មានទូកសរុបចំនួន ៤៨ទូក ក្នុងនោះទូកអុំបុរស សរុបចំនួន ២០ទូក និងទូកខ្នាតអន្តរជាតិសរុបចំនួន ២៨ទូក កម្លាំងអុំសរុបចំនួន ២.០៩៤នាក់ និងកម្លាំងត្រៀមសរុបចំនួន ៤១២នាក់។ ចំណែកការប្រណាំងទូក មានរយៈពេល២ថ្ងៃ ក្នុងរយៈចម្ងាយប្រវែង ១,៧០០ម៉ែត្រ ចាប់ផ្តើមអុំនៅម៉ោង ១ និង៣០នាទី ការប្រណាំងមានចំនួន ២ថ្ងៃ ស្មើនឹង ៤ជើង ដោយប្តូរខ្សែទឹកគ្នា។
លក្ខណនៃការប្រកួត ទូកដែលឈ្នះនៅថ្ងៃទី១ ត្រូវប្រណាំងជាមួយទូកឈ្នះថ្ងៃទី១ដូចគ្នា ក្នុងការប្រណាំងថ្ងៃទី២ ទូកចាញ់ថ្ងៃទី១ ជួបទូកចាញ់ថ្ងៃទី១ ក្នុងការប្រណាំងថ្ងៃទី២។ ចំពោះការប្រណាំង អនុគណៈកម្មការបច្ចេកទេស ត្រូវរៀបចំផ្គូរផ្គង តាមប្រភេទនៃទូក ហើយទូកទាំងអស់ ត្រូវចូលរួមប្រណាំងចំនួន ៤ជើង ចំពោះលទ្ធផលបច្ចេកទេសផ្ដាច់ព្រ័ត្រ នៃការប្រណាំងទូក ដោយជ័យលាភី ផែនលេខ ១ មាន៥ ទូក ក្នុង ១ទូកទទួលបាន ពានរង្វាន់១ ទង់ជ័យលាភី១ និង ថវិកា ២លានរៀល ។ ចំពោះផែនចំណាត់ថ្នាក់លេខ ២ ក្នុង១ទូកទទួលបាន ទង់ជ័យលាភី ១ និងប្រាក់ ១លាន ៥សែនរៀល ។ រីឯផែនទូកចំណាត់ថ្នាក់លេខ ៣ ក្នុង១ទូកទទួលបានទង់ជ័យលាភី១ និងថវិកា ១លានរៀល ៕