មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចជូនកងកម្លាំង 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ សង្គ្រាម រវាង អ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន និងសភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា  ជាមួយនោះដែរក៏បានបញ្ជាក់អំពីការរៀបចំពិធីអុំទុក  បណ្តែតប្រទីប និងបង្ហោះគោម  នៅខេត្តកំពង់ធំ  ដែលមានប្រជាជនចូលរួមសប្បាយរីករាយប្រមាណជាង១៨០.០០០នាក់  ក្នុងរយះពេល៣ថ្ងៃ កន្លងទៅ ស្តែងចេញពីប្រទេសជាតិយើង មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ។ ពិសេសការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងនូវការកោតសរសើរ ព្រមទាំងអរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ប្រជាជន និងអតីតយុទ្ធជននៅតាមមូលដ្ឋាននីមួយៗ ដែលខ្លួនទទួលខុសត្រូវក្នុងរយៈពេលកន្លងមកនេះ។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម  ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងមានជាអាទិ៍÷
ទី១.យោធិនគ្រប់រូប ត្រូវគោរពតាមបទបញ្ជា ក្រមសីលធម៌ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងបំពេញតួនាទីភារកិច្ចស្របតាមច្បាប់ និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ។ ទី២. យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ និងការពារឲ្យបានដាច់ខាត ចំពោះជាតិសាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងទី៣ ត្រូវបន្តបម្រើប្រជាជន និងត្រូវបន្តជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ តាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ឲ្យបានជាប់ជាប្រចាំ ស្របតាមទិសស្លោកកងទ័ពជាកូនចៅរបស់ប្រជាជន និងដើម្បីប្រជាជន។