អភិបាលខេត្តស្ទឹងត្រែង ជំរុញដល់អាជ្ញាធរមូលដ្ឋាន រួមគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ឱ្យមានប្រសិទ្ធភាព

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានជំរុញសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយត្រូវសហការរួមគ្នា ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងត្រូវចុះពិនិត្យជាក់ស្តែង លើទីតាំងណាដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសង ដើម្បីធានាមិនឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងនោះជាដាច់ខាត។

ការថ្លែង ជំរុញដែលបានធ្វើឡើងដោយ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពប្រចាំខែតុលា ឆ្នាំ២០២៣ និងលើកទិសដៅភារកិច្ចបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធាន -អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំនៃកងកម្លាំងទាំង ៣ ក្នុងខេត្តស្ទឹងត្រែង ផងដែរ។

អភិបាលខេត្តស្ទឹងត្រែង​ លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា បញ្ហាល្បែងស៊ីសងនៅមូលដ្ឋាន នឹងបង្ករឲ្យមានភាពអសន្តិសុខ អសុវត្តិភាព និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ដូចនេះ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការគ្នាចុះតាមដានត្រួតពិនិត្យ និងបង្ក្រាបជាបន្ទាន់ ដើម្បីធានាថាទីតាំងមុខសញ្ញា ដែលប្រព្រឹត្តបទល្មើសល្បែងភ្នាល់មាន់ ល្បែងស៊ីសងអនឡាញ និងល្បែងខុសច្បាប់គ្រប់ប្រភេទ មិនឱ្យកើតមានឡើងសារជាថ្មី ឬលួចលាក់លេងជាថ្មីបន្ថែមទៀត នៅក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ទៀតថា  ដើម្បីសុខសុវត្តិភាពដល់ប្រជាពលរដ្ឋ និងធានាបាននូវសន្តិសុខ សណ្តាប់សាធារណៈបានល្អប្រសើរ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ព្រមទាំងត្រូវបង្កើនកិច្ចសហការគ្នា ក្នុងការអនុវត្តការងារបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសាស្ត្រខេត្តស្ទឹងត្រែង។

អភិបាលខេត្តស្ទឹងត្រែង​ លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវគោលនយោបាយយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ បាននិងកំពុងពង្រឹងប្រសិទ្ធភាពការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យបានល្អប្រសើរ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ។ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ឲ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេស ដែលមានចំណូលសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេស ដែលមានចំណូលសេដ្ឋកិច្ចកម្រិតខ្ពស់ យើងត្រូវបង្កើនការអនុវត្តការងារ និងពង្រឹងសន្តិសុខសណ្តាប់សាធារណៈ នៅមូលដ្ឋានឲ្យមានភាពល្អប្រសើរ។

គួបញ្ជាក់ថា យោងតាមរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យឃើញថា កន្លងមកអាជ្ញាធរមូលដ្ឋាន បានអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមរយៈការធ្វើការផ្សព្វផ្សាយគោលនយោបាយបាន ១៧២លើក, បានធ្វើវេទិកាសាធារណៈ ១៣២លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៥ពាន់ ៣៩៧នាក់  និងបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ ០៧នាក់ ស្រី ០៥នាក់ និងវត្ថុតាង ព្រមទាំងកម្លាំងជំនាញបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់លេងល្បែងស៊ីសង ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕ដោយ៖ឡុង សំបូរ