ឯកឧត្តម ព្រឹម រដ្ឋា អញ្ជើញចូលរួមសិក្ខាសាលាបញ្ចប់គម្រោង និងសម្ពោធអគារបំណិនជីវិត ជាគម្រោងកសាងកម្មវិធីអប់រំបំណិនជីវិត តាមមូលដ្ឋានដែលមានភាពធន់ នៅតាមសាលារៀនក្នុងប្រទេសកម្ពុជា

0

កំពង់ធំ÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត លោក យឹមប៊ុនថេន នាយកប្រតិបត្តិអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ(កូហ្វាព) លោក ស៊ីយ៉ុន សុធារិទ្ធិតំណាងអង្គការអាក់សិនអេតកម្ពុជា មន្ត្រីរាជការ ប្រជាពលរដ្ឋនិងសិស្សានុសិស្សប្រមាណជាង៣០០នាក់ បានអញ្ជើញចូលរួមសិក្ខាសាលាបញ្ចប់គម្រោង និងពិធីសម្ពោធអគារបំណិនជីវិតដាក់ឱ្យប្រើប្រាស់ ជាគម្រោងកសាងកម្មវិធីអប់រំបំណិនជីវិត តាមមូលដ្ឋានដែលមានភាពធន់ នៅតាមសាលារៀនក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត បានលើកឡើងពីសារៈប្រយោជន៍ នៃសិក្ខាសាលាផ្សព្វផ្សាយពីលទ្ធផលសម្រេចបានរបស់គម្រោង និងពិធីសម្ភោធអគារ ដើម្បីដាក់ឱ្យប្រើប្រាស់ដល់សាលាគោលដៅ ជាសាលាគម្រូក្នុងការអនុវត្តកម្មវិធីបំណិនជីវិត ព្រមទាំងចុះហត្ថលេខាប្រគល់អគារ និងសម្ភារៈបរិក្ខាដែលបំពាក់ជាមួយនឹងអគារ ដើម្បីឱ្យសាលារៀនប្រើប្រាស់អប់រំបំណិនជីវិត។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានថ្លែងថា សម្រាប់ដំណើរការប្រតិបត្តិការ ការងាររបស់លោកគ្រូ អ្នកគ្រូ ហេតុដូច្នេះ សូមឲ្យលោកនាយក នាយិកា (លោកគ្រូអ្នកគ្រូ គណៈការគ្រប់គ្រងសាលា អាជ្ញាធរដែនដី ចូលរួមថែរក្សាអគារបំណិនជីវិតនេះមានប្រសិទ្ធភាពខ្ពស់។ ពីព្រោះអគារនេះគឺថ្នាល់បណ្តុះបណ្តាលប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ជាពិសសប្អូនៗនៅក្នុងភូមិឃុំ របស់យើងគ្រប់ជំនាន់។ សូមសំណូមពរដល់ការិយាល័យអប់រំ និងមន្ទីរអប់រំចូលរួមក្នុងការលើកទឹកចិត្ត ជំរុញបន្ថែមដល់សាលាដើម្បីប្រើប្រាស់ និងអនុវត្តកម្មវិធីបំណិនជីវិតបន្តទៀត ព្រមទាំងចូលរួមជាបច្ចេកទេសក្ដី ជាការតាមដានក្នុងការអនុវត្តកម្មវិធីបំណិនជីវិត គឺដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីបំណិនជីវិត នៅតែអនុវត្តបន្តព្រមទាំងពង្រីកដល់សាលារៀនផ្សេងៗទៀត។

សូមបញ្ជាក់ផងដែរ ពិធីសម្ពោធអគារបំណិនជីវិតមាន០២ខ្នង គឺអគារសិក្សាបំណិនជីវិតនៅសាលាបឋមសិក្សាស្លែង និងអគារសិក្សាបំណិនជីវិតនៅសាលាបឋមសិក្សាពាមក្រែម ទំហំអគារ១៦ម៉ែត្រx១៤.៥៥ម៉ែត្រ កំពង់១១.០២ម៉ែត្រជំនួយពី KWOK Foundation តាមរយៈអង្គការអាក់សិនអេតកម្ពុជា អនុវត្តដោយអង្គការកូហ្វាព ចំណាយអស់ទឹកប្រាក់៦៥.៦១៥ដុល្លារសហរដ្ឋអាមេរិក។ អត្ថបទលោក ធូ កែវមុន្នី