កំពង់ធំ៖ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសចូលនិវត្តន៍ លោក ង្វៀន យីលិញ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកៅស៊ូ ជឺសេ កំពង់ធំ បន្ទាប់ពីរូបលោកចំណាយពេលបំពេញបេសកម្មការងារអស់រយៈពេល១៥ឆ្នាំ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងគណៈប្រតិភូភាគីប្រទេសកម្ពុជានិងប្រទេសវៀតណាមជាច្រើនរូប ស្ថិតនៅទីតាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា គម្រោងវិនិយោគចំការកៅស៊ូមួយនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋានតាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ សាលា រៀន វត្តអារាម មណ្ឌលសុខភាព ផ្ទះកម្មករ ជាដើម) និងការបង្កើតការងារជូនដល់បងប្អូន ប្រជាពលរដ្ឋមូលដ្ឋានជាមួយនឹងប្រាក់បៀវត្សសមរម្យ ដែលចូលរួមកាត់បន្ថយការធ្វើចំណាក ស្រុកទៅក្រៅប្រទេសបានមួយកម្រិត។ ការវិនិយោគនេះក៏បានរួមចំណែកដល់កំណើន សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការនាំចេញជ័រកៅស៊ូ និងការបង់ពន្ធអាករជូនរដ្ឋផងដែរ។ ម្យ៉ាងវិញទៀត គម្រោងវិនិយោគនេះបានជួយប្រែក្លាយតំបន់នេះដែលពីមុនជាតំបន់ជនបទដាច់ស្រយាល ឲ្យក្លាយជាតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ចផុលផុស។
ឯកឧត្តម ងួនរតនៈ កោតសសើរ និងវាយតម្លៃខ្ពស់ជាពិសេសជូន ចំពោះលោកអគ្គនាយក ង្វៀន យីលិញ ដែលបានខិតខំដឹកនាំកសាង និងអភិវឌ្ឍគម្រោង វិនិយោគដំណាំកៅស៊ូក្នុងខេត្តកំពង់ធំ អស់រយៈពេលជិត ១៥ឆ្នាំកន្លងមកនេះប្រកបដោយ គុណភាព និងប្រសិទ្ធភាព។
នៅចុងបញ្ចប់កម្មវិធី ឯកឧត្ដម អ៊ុត សំអន និងគណៈប្រតិភូទាំងអស់ បានប្រគល់ការដូរកិត្តិយស ដល់លោក ង្វៀន យីលិញ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកៅស៊ូ ជឺសេ កំពង់ធំ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។