កំពង់ធំ÷ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា រដ្ឋបាលខេត្ត គ្រោងរៀបចំខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍០៩រោជ ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ នេះនៅទីតាំងវិមានឯករាជ្យខេត្ត ដើម្បីឱ្យការរៀបចំនេះប្រកបដោយភាពជោគជ័យ រដ្ឋបាលខេត្ត ធ្វើការបែងចែកភារកិច្ចជូន មន្ទីរ អង្គភាព រដ្ឋបាលក្រុង/ស្រុក អង្គការសង្គមស៊ីវិល និងសមាគមន៍ឱ្យមានសណ្តាប់ធ្នាប់ល្អ។
ឯកឧត្តម ញឹក បានខេង បានលើកឡើងពីការប្រគល់ភារកិច្ចជូនរដ្ឋបាលក្រុងស្ទឹងសែន ចាត់ចែងកម្លាំងមហាជនចូលរួមចំនួន៨០០នាក់ ក្នុងនោះស្នងការរដ្ឋាននគបាលខេត្ត សហការជាមួយ រដ្ឋបាលក្រុងស្ទឹងសែន រៀបចំសណ្តាប់ធ្នាប់ និងបង្វែរទិសចរាចរណ៍ កំណត់ទីតាំងចំណតយានជំនិះរបស់ថ្នាក់ដឹកនាំ និងមហាជនចូលរួម។ ស្នងការដ្ឋាននគរបាលខេត្ត ចាត់ចែងឡានទឹកបាញ់លាងសម្អាត បរិវេណរៀបចំពិធី។ ការប្រគល់ភារកិច្ចជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងរដ្ឋបាលក្រុងស្ទឹងសែន រៀបចំបែងចែកប្លង់នៅកន្លែងប្រារព្ធពិធី សម្របសម្រួលកម្មវិធី និងកាន់កម្មវិធី មន្ទីរសុខាភិបាលខេត្ត ចាត់តាំងក្រុមគ្រូពេទ្យ មានឱសថ មានរថយន្ត គិលានសង្គ្រោះ ដោយប្រចាំការនៅទីតាំងវិមានឯករាជ្យក្នុងកំឡុងពេលប្រារព្ធពិធី។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានបន្តទៀតថាការប្រគល់ភារកិច្ចជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចាត់ចែងសមាសភាពចូលរួមគឺ ឱ្យយុវជនកាកបាទក្រហមយុវជនកាយរិទ្ធ គរុសិស្ស និងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូចំនួន ចំនួន១០០០នាក់។ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ឱ្យកងកម្លាំងចូលរួមក្នុង១អង្គភាព១០០នាក់ សរុប៣០០នាក់ មន្ទីរធម្មការ និងសាសនាខេត្ត ចែងពិធីសាសនា និងនិមន្តព្រះសង្ឃចំនួន០៩អង្គ សម្រាប់សូត្រជយន្តោ ការឡើងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ត្រូវបែងចែកជា១២ផែន។
ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកទឹកចិត្តដល់គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង/ស្រុក ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណ:សាលារៀន វត្តអារាម ត្រូវតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំផុសប្រជារាស្ត្រឱ្យលើកទង់ជាតិគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយជោគជ័យ។ អត្ថបទលោក ធូ កែវមុន្នី