កំពង់ធំ÷ កន្លងមកថ្មីនេះក្រុមបាល់ទាត់សប្បុរសជនខេត្តកំពង់ធំ និងក្រុមបាល់ទាត់រាជធានីភ្នំពេញ បាននាំយក សម្ភារ:សិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៃសាលារៀនបឋមសិក្សា នៅសាលាបឋមសិក្សាអណ្តូងតាមែង ស្ថិតនៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោក ប៉ាំង ពាន់ នាយកសាលាបឋមសិក្សាអណ្តូងតាមែងបានឲ្យដឹងថា នេះបានបង្ហាញនូវក្តីសោមនស្សជ្រះថ្លា និងអរគុណដល់សប្បុរសជនដែលបានបរិច្ចាគធនធានថវិកាចូលរួមចែករំលែកដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃ។ បានចែករំលែកថវិកា និងសម្ភារៈសិក្សាបែបនេះ គឺធ្វើទៅតាមលទ្ឋភាពសទ្ឋាជ្រះថ្លា ប្រកបដោយស្មារតីសាមគ្គីធម៌ ដើម្បីជួយដល់គ្រួសារដែលមានជីវភាពខ្វះខាត។
លោក ប៉ាំង ពាន់ នាយកសាលា និងអ្នកគ្រូ លោកគ្រូបានថ្លែងអំណរគុណបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ ដែលតែងតែលះបង់ទ្រព្យធនធាន និងកម្លាំងកាយកម្លាំងចិត្ត ដើម្បីចូលរួមចំណែកជួយសង្គម ជួយធុរៈដល់អាជ្ញាធរមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល ក្រុមសប្បុរសជនទាំងនេះ តែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលមានការខ្វះខាត មិនថានៅខេត្ត។ បានចាត់ទុកសម្ភារៈអំណោយទាំងនោះ ថាជាទានដ៏វិសេសសម្រាប់អ្នកខ្វះខាត ទោះបីជាមិនច្រើនក្តីតែអាចជួយសម្រាលការលំបាកក្នុងជីវភាពបានមួយគ្រាៗផងដែរ។
ក្រុមអ្នកទាត់បាល់សប្បុរសជនបានឱ្យដឹងថា ទោះតិចក្តី ឬច្រើនក្តីជូនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពិតជាមានសារសំខាន់ ក្នុងការជំរុញឲ្យកុមារទទួលបានការរស់នៅក្នុងភាពល្អប្រសើរ និងមានលទ្ធភាព បន្តការរៀនសូត្រខ្ពង់ខ្ពស់ ប្រាសចាកពីភាពអវិជ្ជា និងក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេស ជាតិនាពេលអនាគត។ ពិតណាស់ហើយបានរួមចំណែកដល់ការបំពេញតម្រូវការខ្វះខាតដល់ប្អូនៗ កាន់តែល្អប្រសើរ ហើយជាពិសេសអាចជួយសម្រួលឲ្យក្មេងៗនៅទី នេះ មានលទ្ធភាពរៀនសូត្របន្តទៅមុខទៀត។ អត្ថបទលោក ធូ កែវមុន្នី