អភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារទទួលខុសត្រូវ និងកិច្ចប្រជុំត្រៀមរៀបចំអបរអសាទរ ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៣

0

ប៉ៃលិន៖ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ដឹកនាំប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារទទួលខុសត្រូវ ដែលបានអនុវត្តន៍ប្រចាំខែ និងកិច្ចប្រជុំ

ត្រៀមរៀបចំអបរអសាទរ ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៣ ខាងមុខ ។ ពិធីនេះមានការអញ្ជើញចូលរួម ពីលោក-លោកស្រីជាគណៈអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីនាយក- នាយករងរដ្ឋបាលខេត្ត ជាច្រើនរូបចូលរួម។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ក្នុងនាមរដ្ឋបាលខេត្ត លោកជំទាវអភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈអភិបាលរង និងលោក-លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រអនុវត្តន៍នូវគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងបម្រើសេវាទូទៅ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយភាពស្មោះត្រង់ ត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត មានប្រសាសន៍បន្តថា៖ ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗ ឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្តប៉ៃលិន យើងត្រូវរួមគ្នាត្រួតពិនិត្យពិភាក្សា បញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះ ដែលនៅមិនទាន់បានអនុវត្ត និងការដោះស្រាយ ដើម្បីរួមគ្នាកែលម្អ ដោះស្រាយ ឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិ ក្នុងទិសដៅបម្រើជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃខាងមុខ ខេត្តប៉ៃលិន និងរៀបចំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ១៩៥៣-២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ហើយការរៀបចំពិធីនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងសម្តែងនូវទឹកចិត្តសោមនស្សរីករាយ និងអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលមហាកម្លាំង មហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញនូវ ឯករាជ្យជាតិមួយដ៏ពេញបរិបូណ៍ ពីអាណានិគមនិយមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានស្នើដល់ជួរគណៈអភិបាលរង និងលោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ត្រូវរៀបចំក្រុមការងារពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ អនុវត្តផែនការណែនាំ របស់រដ្ឋបាលខេត្ត និងកម្មវិធីដែលបានគ្រោងទុក ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីអង្គពិធីប្រព្រឹត្តទៅដោយរលូនផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន