បច្ច័យជាង៣០លានរៀល អង្គកឋិនទានសាមគ្គី របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគេនព្រះសង្ឃសម្រាប់កសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តត្រពាំងព្រលឹត

0

កំពង់ធំ÷ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣
ក្បួនដង្ហែអង្គកឋិនទានសាមគ្គី របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយឧត្តមសេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការ បានចេញដំណើរពីទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឆ្ពោះទៅកាន់វត្តពុទ្ធរង្សី ហៅវត្តត្រពាំងព្រលឹត ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីប្រមូលបច្ច័យចូលរួមក្នុងការកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងទីអារាម ដែលជាស្រែបុណ្យរបស់ពុទ្ធសាសនិកជនគ្រប់រូប ។

នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី០១ខែ វិច្ឆិកា ឆ្នាំ២០២៣  ក្បួនអង្គកឋិនទាន បានដង្ហែប្រទក្សិនបីជុំ ព្រះវិហារ ដោយមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករអបអរសាទរក្នុងពិធីអង្គកឋិនទានសាមគ្គី របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយនឹងបានវេរប្រគេនលំដាប់អង្គកឋិន មានត្រី ចីវ័រ សម្ភារៈ និងថវិកាជាង៣០លានរៀល តម្កល់ទុកកសាងសមិទ្ធផលនានាជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យអ្នកផ្ដួចផ្ដើមនៃអង្គកឋិនទានសាមគ្គីនេះ បានសូមគោរពថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារ នៅខេត្តកំពង់ធំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រុមគ្រួសារ សប្បុរសជននានា នៅក្នុងខេត្ត/ក្រៅខេត្ត ដែលបានមានសទ្ធាជ្រះថ្លាចូលរួមទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត និងថវិកា ដើម្បីរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទុកជាទីគោរពបូជារបស់ពុទ្ធសាសនិកជនគ្រប់រូប។

ឧត្តមសេនីយ៍ទោបាន សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានចូលរួមចំណែកក្នុងអង្គកឋិនទានសាមគ្គីនេះ សូមទទួលបាននូវសេចកីសុខសេចក្តីចម្រើន និងពុទ្ធពរទាំងបួនប្រការ កុំបីភ្លៀងឃ្លាតឡើយ ។

ព្រះតេជគុណ ម៉ម វិមាន ព្រះគ្រូចៅអធិការវត្តពុទ្ធរង្សី ហៅវត្តត្រពាំងព្រលឹត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ឈុន ឈន់  ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងលោកជំទាវ ព្រមទាំងឧបាសក ឧបាសិកាពុទ្ធបរិស័ទទាំងអស់ ដែលបានហែអង្គកឋិនទានសាមគ្គី ដើម្បីនាំយកថវិកាមកកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ សូមទទួលបាននូវ  សេចក្តី សុខសេចក្តីចម្រើន៕