បន្ទាយមានជ័យ៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក លោកស្រី មកពីក្រសួង ស្ថានប័នពាក់ព័ន្ធជាច្រើនរូប។
អមដំណើរនិងទទួល មានឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត និងអភិបាលរងខេត្ត អភិបាលក្រុង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រីអ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រីឆោម ភ័ព្វ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ។
ក្រៅពីជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយកងកម្លាំងនគរបាលជាតិដោយលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ហើយបានថ្លែងពីបច្ចុប្បន្នភាពការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍និងនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានដោយសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីជាដើមរួចមក លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានដឹកនាំប្រតិភូចុះត្រួតពិនិត្យជាក់ស្តែង-:
ដូចជាពិនិត្យ អំពីស្ថានភាព វឌ្ឍនភាព -ការឆ្លងដែនរបស់ភ្ញៀវជាតិ-អន្តរជាតិ -ការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល និង -ការផ្តល់សេវារបស់នគរបាលអន្តោប្រវេសន៍ នៅតាមប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ផងដែរ៕ដោយ៖ឃិន គន្ធា