កំពង់ធំៈ មានសេចក្តីរាយការណ៍ ពីជនរងគ្រោះម្នាក់ បានកើតទុក្ខមិនសុខចិត្ត ចំពោះទង្វើរបស់លោក អនុសេនីយ៍ឯក ភិន ភាន ជាសមត្ថកិច្ចប៉ូលិសនៃស្នងការនគរបាល ខេត្តកំពង់ធំ តែត្រូវបានថ្នាក់លើបាន ប្រគល់ តួនាទីឲ្យចាំការពារសុវត្តិភាពជូន គយខេត្តកំពង់ធំ តែប្រហែលជាអាជីពជាអ្នកការពារមិនសូវកាក់កប បានជា បែកគំនិតក្លាយជាអ្នករត់ការ មនុស្សឲ្យចូលជាសមត្ថកិច្ចប៉េអ៊ឹម ក្នុងតំលៃ២៨០០ដុល្លា។
តាមការឲ្យដឹងពីលោក សេង សឿន ជាជនរងគ្រោះ ដែលមានកូនប្រុសម្នាក់ឈ្មោះ សឿន កុយ រស់នៅភូមិ អូកន្ធរ សង្កាត់អូកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយហេតុតែចង់ឲ្យកូន បានចូលជាប៉េអ៊ឹម ក៏សុខចិត្តស្វាស់ស្វែងរកថវិការ ដើម្បីជួយឲ្យកូនបានចូលជាប៉េអ៊ឹម ខណៈពេលដែល លោក ភិន ភាន ជាសមត្ថកិច្ចប៉ូលិស បានទៅរកគាត់ទាំងយប់ កាលពីជាង១ឆ្នាំកន្លះកន្លងមក ដោយបានអះអាងថា ខ្លួនធានានិងនាំចូលជាកងរាជអាវុធហត្ថ តែត្រូវបង់លើកដំបូង ៨០០ដុល្លា ក្រោយមកលោកអនុសេនីយ៍ឯក ភិន ភាន ថាលុយនឹងមិនគ្រប់ ទេទាល់តែបង់ឲ្យគេ២០០០ដុល្លាបន្ថែមទៀត ទើបការងារសម្រេចបានមួយរយភាគរយ ។
លោក សេង សឿន ជាឪពុកបានឲ្យបន្ថែមទៀត ហើយបានសន្យាថា មួយអាទិត្យ ទាំងកូនទាំងក្រុមគ្រួសារ ក៏អន្ទះអន្ទេងរងចាំ មួយអាទិត្យរាប់សិបដង និងមួយខែជាច្រើនដង ដោយសារការកុហកបោកប្រាស់ របស់ លោកប៉ូលិសរូបនេះ ទើបគាត់សម្រេចចិត្តសួរនាំតាមត្រង់ទៅលោក ភិន ភាន ត្រូវបានលោកប៉ូលិស(មរកត) រូបនេះចោលពាក្យសំដីថា ទៅប្តឹងឯណាក៏អញ្ជើញ ឲ្យតែប្តឹងឈ្នះលោក អនុសេនីយ៍ឯករូបនេះ សូមអញ្ជើញ។
ក្រោយពីពត៌មានបែកធ្លាយនូវ រឿងអាស្រូវរបស់លោក អនុសេនីយ៍ឯក ភិន ភាន លោកក៏បានសន្យាជាថ្មីជា មួយនិងលោក សេង សឿន ថាថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៤នេះ ការងារនិងបានសម្រេច១០០ភាគរយ តែបើសិនជាការងារមិនបានសម្រេចទេ លោកនិងប្រគល់លុយ ចំនួន ២៨០០ដុល្លាឲ្យទៅជនរងគ្រោះវិញ ។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់នេះ លោក អនុសេនីយ៍ឯក ភិន ភាន ជាមន្ត្រីរបស់ស្នងការនគរបាល ខេត្ត កំពង់ធំ បានឆ្លើយថា ពិតជាមានរឿងទាំងនេះមែន ដោយលោកបានអះអាងថានិងជួយមិត្តភ័ក្កដោយសារមានបងនៅផ្ទៃប្រទេស ទើបបានទៅពឹងពាក់ឲ្យគេជួយ រត់ការមនុស្សឲ្យចូលធ្វើជាប៉េអ៊ឹមផ្ទៃប្រទេស តែសេចក្តីសម្រេច មិនទាន់ធ្លាក់មក ហើយបងស្រីនៅផ្ទៃប្រទេសនោះឈ្មោះ រ៉ុក ជាអ្នកទទួល រត់ការ ចូលចូលប៉េអ៊ឹម នៅផ្ទៃប្រទេសរួច
ហើយនិងផ្លាស់មកធ្វើជាប៉េអ៊ឹមនៅខេត្តកំពង់ធំវិញ ហើយនៅពេលថ្ងៃទី ១៥ នេះបើមិនបានចូលទេ គឺនិងប្រគល់លុយឲ្យទៅគេវិញ។ ដូច្នេះទាំង កូន ទាំងគ្រួសារជនរងគ្រោះ គ្មានសង្ឃឹមបន្តិចសោះឡើយ ថានិងបានលុយមកវិញ ហើយបានការងារធ្វើ ដោយសារនេះជាពាក្យកុហក លើកទី១០២ហើយ ។