ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រកាស តែងតាំង ឯកឧត្តម ងិន ពេជ ជា ព្រះរាជអាជ្ញា ខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ឡុង ហុកម៉េង ដែលត្រូវផ្ទេរទៅខេត្តរតនគិរី

0

ត្បូងឃ្មុំ: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាស តែងតាំង ឯកឧត្តម ងិន ពេជ ចូលកាន់ មុខ តំណែង ជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួស ឯកឧត្តម ឡុង ហុកម៉េង ដែល ត្រូវ ផ្ទេរ ទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ពិធី នេះ ត្រូវ បាន ធ្វើឡើង នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

មានប្រសាសន៍ក្នុង ពិធី នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន ណែនាំ ដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឱ្យ មានការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធ៌ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម កើត រិទ្ធ បាន ក្រេីនរំលឹក ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ខ្ជាប់នូវអនាគតិធ៌មទាំង៤ និងសុគតិធ៌មទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់)។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏ បានផ្តាំផ្ញើ ដល់ លោកព្រះរាជអាជ្ញាថ្មី ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធ៌មសង្គម ធ្វើខ្លួនជាឪពុកម្តាយ ជាបង្អែក ផ្តល់ភាពកក់ក្តៅ ផ្តល់ជំនឿទុកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋលើវិស័យយុត្តិធ៌មនៅកម្ពុជា ជាក់ស្តែងនៅក្នុងខេត្តត្បូងឃ្មុំ ផងដែរ ៕