អាជ្ញាធរជាតិអប្សរាកំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោយពេលបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់

0

សៀមរាប៖ ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព បង្ការគ្រោះថ្នាក់ដោយយថាហេតុណាមួយសម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រចនាសម្ពន្ធរបស់ស្ពានហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិបានឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញ នាពេលខាងមុខ។ ដោយគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវ ដែលបានផ្តោតការចាប់អារម្មណ៍ទៅតែសម្រស់របស់ស្ពានដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនិងភ្លេចខ្លួនដើរហួសតួស្ពានអាចបណ្តាលឱ្យធ្លាក់ទឹក បង្កជាគ្រោះថ្នាក់ទៅវិញ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព នៅសងខាងនៃតួស្ពានហាលមានលក្ខណៈជាខ្សែបង្កប់ស្ទើរតែមិនអាចមើលឃើញនិងភ្នែកឡើយ។ ប៉ុន្តែ នៅពេលដើរចូលទៅកៀក ភ្ញៀវទេសចរនឹងទទួលបានការពញ្ញាក់អារម្មណ៍ឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ។

មួយវិញទៀត ឯកឧត្តម អគ្គនាយករង មានប្រសាសន៍បន្ថែមទៀតថា ដោយការព្រួយបារម្ភអំពីភាពសឹករិចរិលរបស់ថ្ម ទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរជាតិអប្សរា នៅតែបន្តរក្សាទុកស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល។ ដោយកំណត់ទិសដៅធ្វើដំណើរផ្សេងគ្នា គឺស្ពានហាលនឹងអនុញ្ញាតឱ្យភ្ញៀវធ្វើដំណើរឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្ត ស្ពានបណ្តែតទឹកនឹងជាទិសដៅសម្រាប់ភ្ញៀវចាកចេញពីទស្សនាប្រាសាទមកវិញ៕