ឯកឧត្តម ងួន រតនៈ  ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនបន្ត និងការរៀបចំបែបបទឯកសារសុំអនុប្រយោគពីរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីប្រវត្តិ និងស្ថានភាពជាក់ស្ដែង នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន។ ហើយកន្លងមកនេះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អតីតយុទ្ធជនចំនួន១៤១ គ្រួសារ បានដំណើរការចាប់ឆ្នោតទទួលយកក្បាលដី ក្នុងមួយគ្រួសារចំនួន១ហិចតាកន្លះ និងផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន  សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយអាជ្ញាធរដែនដីខេត្ត/ស្រុក/ឃុំ និងបណ្ដាមន្ទីរ.ស្ថាប័នពាក់ព័ន្ធដែលបានគាំទ្រនូវសកម្មភាពជួយដល់បងប្អូនអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះស្នាក់នៅមិនសមរម្យ ដើម្បីបានទៅរស់នៅទីនោះ។

ថ្លៃងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម ងួន រតនៈ ដើម្បីរកដំណោះស្រាយ និងវិធានការក្នុងការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនឲ្យមានប្រសិទ្ធភាព  ហើយនឹងមានវិធានការចំពោះអ្នកដែលរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់នោះ សម្រាប់ឲ្យពួកគាត់ប្រកបវិស័យកសិកម្មនៅលើដីសម្បទាននេះ។។

ឯកឧត្តម ងួន រតនៈ ប្រធានកិត្តិយសគណៈកម្មាធិការសមាគអតីតយុទ្ធជនកម្ពុជាខេត្ត បានណែនាំដល់រដ្ឋបាលខេត្តត្រូវរៀបចំសេចក្តីសម្រេច÷ ១.ត្រូវចាត់តាំងអភិបាលរងខេត្តមួយរូប រួមជាមួយមន្ទីរ.ស្ថាប័ន អាជ្ញាធរដែនដី និងអង្គភាព ដែលមានការពាក់ព័ន្ធ ត្រូវចុះទៅធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់ ចំពោះអ្នកដែលបានរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីមានវិធានការ។ ២.ត្រូវរៀបចំសំណុំបែបបទធ្វើអនុបយោគ ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លី ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលបានកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនេះ និងទីបី ជំរុញឲ្យមន្ទីរធនធានទឹក ចុះទៅសិក្សាស្រាវជ្រាវ ដើម្បីរកវិធានការរំដោះទឹកកុំឲ្យមានការជន់លិចផ្ទះ និងដីលំនៅឋានរបស់បងប្អូនអតីតយុទ្ធជន ដែលបានបង្កង្កើនផលហើយត្រូវបានខូចខាតដំណាំដូចបណ្ដាឆ្នាំកន្លងទៅ និងដូចឆ្នាំនេះទៀត។ អត្ថបទតំបន់សឹករងកំពង់ធំ-កែសម្រួលដោយអ៊ុមញឹប។