អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រសួង ដឹកនាំកិច្ចប្រជុំសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខមាលភាព សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។

កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម និងឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ សម្រាប់ខេត្តកំពង់ចាម មានបេក្ខជន សរុបចំនួន ៨៨៩៦នាក់ ដោយបែងចែកមណ្ឌលប្រឡងចំនួន ១៤មណ្ឌល ស្មើនឹង ៣៥៨បន្ទប់ ក្នុងនោះចែកជាថ្នាក់វិទ្យាសាស្ត្រចំនួន ៥មណ្ឌល ស្មើនឹង ១៣០បន្ទប់ មានបេក្ខជន ៣២១៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ៩មណ្ឌល ស្មើនឹង ២២៨បន្ទប់ មានបេក្ខជន ៥៦៨១នាក់៕