ខេត្តកែប: រដ្ឋបាលខេត្តកែប ទទួលជួបគណ:ប្រតិភូទីក្រុងលីនឆាង នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបពិភាក្សាលើលេចក្តីព្រាង អនុស្សរណ:នៃការយោគយល់ បង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាព រវាងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងលីនឆាង នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ជំនួបនេះដឹកនាំដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង លោក ស៊ឺ ឈិញហឺ អភិបាលរងនៃរដ្ឋបាលប្រជាជនទីក្រុងលីនឆាង នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំស្តង់ដាមុខសាលាខេត្តកែប។
ជំនួបដ៏មានសារ:សំខាន់នេះដែរត្រូវបាន អញ្ជើញអោយចូលរួមពីសំណាក ឯកឧត្ដម តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ មេបញ្ជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តផងដែរ។
តាមខ្លឹមសារលិខិតស្នើសុំបង្កើតទំនាក់ទំនង មេត្រីភាព រវាងទីក្រុងលីនឆាង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានលើកយកនូវសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតនូវទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា សម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តកែប និងទីក្រុងលីនឆាង ការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពជា ប្រពៃណី រវាងប្រជាជននៃខេត្ត និងទីក្រុងទាំងពីរ តាមរយៈការពិភាក្សាក្នុងលក្ខណៈមិត្តភាព ទីក្រុងលីនឆាង នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន និងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមបង្កើតទំនាក់ទំនងមេត្រីភាព ដោយឈរលើមូលដ្ឋាននៃសមភាពផលប្រយោជន៍រួម និងការទុកចិត្តគ្នាទៅវិញទៅមក។
ភាគីទាំងពីរព្រមព្រៀងគ្នាជំរុញការផ្លាស់ប្ដូរមិត្តភាពរវាងប្រជាជននៃខេត្ត និងទីក្រុងទាំងពីរ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងទីក្រុង ទាំងពីរ ក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា-វប្បធម៌ កីឡា សុខភាពសាធារណៈ អប់រំ ទេសចរណ៍ និងធនធានមនុស្ស ។ ល។ និង។ ល។
លិខិតនេះធ្វើចំនួន៣ច្បាប់ ជាភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស ដែលអត្ថបទនីមួយៗមាន ខ្លឹមសារដូចគ្នា។ លិខិតស្នើសុំនេះមានសុពលភាពក្នុងរយៈពេលបីឆ្នាំចាប់ពីថ្ងៃចុះហត្ថលេខា ក្រោយពីភាគីនីមួយៗយល់ព្រមអនុម័តតាមនីតិវិធី នៃប្រទេសរបស់ខ្លួន។
ក្រោយជំនួបដ៏សំខាន់នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានអញ្ជើញគណ:ប្រតិភូទីក្រុងលីនឆាង សិក្សាស្វែងយល់បន្ថែម ពីទីតាំងសំខាន់ៗដូចជា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត , អគារធនធាន នៃសាលាវិទ្យាល័យហ៊ុនសែនចំការដូង ដែលទីតាំងទាំងពីរនេះ ប្រតិភូនៃខេត្តទាំងពីរបានទទួលស្តាប់បទបង្ហាញ អំពីដំណើរការ និងសមិទ្ធផលសម្រេចបាន រួមទាំងបញ្ហាប្រឈមមួយចំនួនផងដែរ បន្ទាប់មកប្រតិភូបន្តទៅទស្សនៈកិច្ចនៅចំការត្របែកនឹងម្រេច របស់ប្រជាកសិករនៅភូមិចំកាបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀតផងដែរ៕ សេង ណារិទ្ធ