ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៣នេះ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាង ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុង ពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៦-០៧ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យស្វាយរៀង(ខាងត្បូង) ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តមតំណាងក្រសួងអប់រំ យុវជន និងកីឡាលោកអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយក
រដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ សសយក និងអ្នក ពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្តនឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេសល្អ(A)។
យោងរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តបានអោយដឹងថា នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជនសរុបចំនួន ៤១៦៧ នាក់ ស្រី ២.១៥៤នាក់៖
មណ្ឌលប្រឡង មានចំនួន៧ មណ្ឌល , បន្ទប់ប្រឡង មាន ១៦៧បន្ទប់
១.បេក្ខជនថ្នាក់វិទ្យាសាស្រ្ត៖ មាន ២មណ្ឌល មាន ៣៦បន្ទប់ បេក្ខជន
៨៩៨នាក់ស្រី៥៦២នាក់។
២.ថ្នាក់វិទ្យាសាស្ត្រសង្គមមាន៥ មណ្ឌលមានបន្ទប់១៣១បន្ទប់មានបេក្ខជនសររុប៣២៦៥នាក់ស្រី១៥៩២នាក់។
ចំណែកសន្តិសុខសណ្តាប់ធ្នាប់លោកឧត្តមសេនីយ៍បានអោយដឹងថា កម្លាំងការពារទាំងនគរបាលខេត្តនិងកងរាជអាវុធហត្ថខេត្តសរុបទាំង៧មណ្ឌលប្រឡង២០៨នាក់ការពារយ៉ាងតឹងរឹងបំផុត៕គឹមសេង