ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនជិត ២ពាន់នាក់ ក្នុងនោះបេក្ខជនជនជាតិដើមភាគតិចជិត ៩០០នាក់ បានចូលរួមប្រកួតប្រជែងសមត្ថភាព នៅមណ្ឌលវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ខេត្តរតនគិរី

0

ខេត្តរតនគិរី៖ បេក្ខជន១ពាន់ ៨៨៣ នាក់ ក្នុងនោះមានបេក្ខជន ជនជាតិដើមភាគតិច ៨៧៣នាក់ ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៃឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ។

ពិធីកាត់ និងបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី៦វិច្ឆិកា២០២៣នេះ បានធ្វើឡើងក្រោមវត្តមានលោក ងិន ណែល អភិបាលស្តីទីខេត្តរតនគិរី និងមានការចូលរួមពី អភិបាលរងខេត្ត ក្រុង ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ផងដែរ។

អភិបាលស្តីទីខេត្តរតនគិរី លោក ងិន ណែល បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រោះត្បិតការប្រឡងឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុត ពោលគឺ” អ្នកចេះគឺជាប់”។

លោក ងិន ណែល បានថ្លែង ផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេលពីរថ្ងៃនេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង សក្តិសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងរបស់ប្រទេសជាតិ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី លោក ខាត់ សាម៉ាល់ បានឲ្យដឹងថា សម្រាប់ខេត្តរតនគិរី មានមណ្ឌលប្រឡងចំនួន ០៣ គឺ មណ្ឌលវិទ្យាល័យសម្តេចឪ សម្តេចម៉ែ មាន ៣៣បន្ទប់ (ថ្នាក់វិទ្យាសាស្រ្តសង្គម) មានបេក្ខជន ៨២០នាក់ ស្រី ៤៨៣នាក់ មានការអញ្ជើញបើកវិញ្ញាសារពី អភិបាលស្តីទីខេត្តរតនគិរី លោក ងិន ណែល,មណ្ឌលវិទ្យាល័យហ៊ុនសែនភូមិថ្មី មាន៣១បន្ទប់ (ថ្នាក់វិទ្យាសាស្រ្តសង្គម) មានបេក្ខជន ៧៦១នាក់ ស្រី ៣៦១នាក់ មានការអញ្ជើញចូលរួមបើកវិញ្ញាសារពី លោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងមណ្ឌលអនុវិទ្យាល័យ ប៊ូ ថង ទេសអន្លុងមាន ១៣បន្ទប់ (ថ្នាក់វិទ្យាសាស្រ្ត) មានបេក្ខជន ៣០២នាក់ ស្រី១៤៧នាក់ មានការអញ្ជើញចូលរួមបើកវិញ្ញាសារពី លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី។ លោកថា ទាំង ៣មណ្ឌលមានបេក្ខជសរុប ១ពាន់ ៨៨៣ នាក់ ស្រី ៩៤៦នាក់  ក្នុងនោះមានបេក្ខជនជាជនជាតិដើមភាគតិច ៨៧៣នាក់ ស្រី៤៤៤នាក់។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ មិនខុសពីឆ្នាំមុនៗនោះទេ រដ្ឋបាលខេត្តរតនគិរី បានបន្តផ្ដល់ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងខេត្តរតនគិរី សម្រាប់កន្លែងផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ មានទាំងក្រុមគ្រូពេទ្យ និងថ្នាំពេទ្យ សម្រាប់ករណីបញ្ហាសុខភាពណាមួយរបស់បេក្ខជនប្រឡង ពិសេសបានចាត់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន សហការគ្នារក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ២៤លើ២៤ម៉ោង ថែមទៀតផង៕ដោយ៖ឡុង សំបូរ