ដោយ សេង ណារិទ្ធ
ខេត្តកែប: ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តកែប ពិតជាបានប្រព្រឹត្តទៅដោយរលូន។ចំពោះសម័យប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២២-២០២៣នៅខេត្តកែប ត្រូវបានរៀបចំមណ្ឌលប្រឡងនៅសាលាវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ ក្រោមការអញ្ជើញជាអធិបតី ពីសំណាក់លោក ងិន ងិនដា អភិបានខេត្តស្តីទី នៃគណៈអភិបាលខេត្តកែប ។
បើតាមរបាយការណ៍ដែលផ្តល់ដោយលោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានអោយដឹងថា សម្រាប់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នង ខេត្តកែបចែកចេញជា២មណ្ឌលដែលមាន បេក្ខជនក្នុងបញ្ជីសរុបចំនួន ២៩៦នាក់ ស្រី ១៦៦នាក់ ក្នុងស្វៃរិន ១៤នាក់ ស្រី ០៧នាក់ ដោយឡែកចំនួនបេក្ខជនដែលបានមកប្រឡងសរុបចំនួន ២៩៥ស្រី ១៦៥នាក់ ក្នុងនោះស្វៃរិន ១៣នាក់ ស្រី ០៧នាក់ ក្នុងនោះអគាបែកខាងជើង ជា មណ្ឌលប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងអគារខាងត្បូងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ លោកប្រធានមន្ទីរ បន្ថែមថា សម្រាប់ចំនួនគណៈមេប្រយោគប្រឡងសរុបចំនួន៦០នាក់ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកស្ម័គ្រចិត្តសរុបចំនួន ១១នាក់។
មានប្រសាសន៍សំណេះសំណាល ទៅកាន់ប្អូនៗជាបេក្ខជនប្រឡងនាឱកាសនោះ លោក ងិន ងិនដា បានផ្តាំផ្ញើជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល០២ថ្ងៃនេះត្រូវខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង បាននិទ្ទេសល្អគ្រប់ៗគាន ដើម្បីក្លាយជា ទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។
សូមបញ្ជាក់ថា សម្រាប់សម័យប្រឡងមធ្យសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ នៅមណ្ឌលប្រឡងសាលាវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស នេះគេសង្កេតឃើញថា មានការសហការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ សម្រួលដល់ការប្រឡង រយៈពេលពីរថ្ងៃគឺថ្ងៃទី៦ និងទី៧ខែវិច្ឆិកានេះ។ សម្រាប់វិញ្ញាសារនៃការប្រឡងថ្នាក់វិទ្យាសាស្ត្រមាន ០៧វិញ្ញាសារគឺ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា, ភាសាបរទេស, អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ដោយឡែកសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មាន០៧មុខវិជ្ជា គឺផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា, ភាសាបរទេស , គណិតវិទ្យា, សីលធម៌ពលរដ្ឋវិជ្ជា និង អក្សរសាស្ត្រខ្មែរ៕