អភិបាលខេត្តកំពង់ចាម បាន ណែនាំ ដល់ ក្រុម ការងារ ជាង ត្រូវ សាងសង់ អគារ រដ្ឋបាល ថ្មី ឱ្យ បាន ឆាប់ រួចរាល់ មុន ខែ មេសា ឆ្នាំ ២០២៤  

0

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បាន ណែនាំ ដល់ ក្រុម ការងារ ជាង ធ្វេីយ៉ាងណា ត្រូវ សាងសង់ អគារ រដ្ឋបាល ថ្មី ជាពិសេស ត្រូវ ររៀបចំរចនាបទ និងសោភ័ណភាព នៅខាងក្នុង ឱ្យ បាន ឆាប់ រួចរាល់ មុន ខែ មេសា ឆ្នាំ ២០២៤ ដេីម្បី ប្រារព្ធ ពិធី សម្ពោធ ដាក់ ឱ្យ ប្រើប្រាស់ ជា ផ្លូវការ នៅ មុន ពេល ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ការ ណែនាំ បែប នេះ ក្នុង ឱកាស ចុះ ត្រួតពិនិត្យវឌ្ឍនភាព នៃ ការ សាងសង់ អគារ រដ្ឋបាល សាលា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ជូន ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលមកទទួលសេវាសាធារណៈ នៅសាលាខេត្តនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាត ឱ្យ ក្រុម ការងារ ជាង ធ្វើការ សាងសង់ អគាររដ្ឋបាលថ្មីនេះ ឱ្យ បាន ឆាប់ រហ័ស តាម ការ គ្រោង ទុក ក្នុង កំឡុង ខែ ៤ ឆ្នាំ ២០២៤ ខាងមុខ នេះ ។

គួរ បញ្ជាក់ផងដែរថា បច្ចុប្បន្នសំណង់នេះ កំពុង សាងសង់ លទ្ធផល សម្រេចបាន ប្រមាណជា ៧០% ហើយ ខណៈ គម្រោងអាគារថ្មី នៃរដ្ឋបាលសាលា ខេត្ត នេះ ត្រូវ បាន សាងសង់ឡើង អំពី បេតុង អាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង ៥៣ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងកម្ពស់ ៣ជាន់ មានទីតាំងនៅ ក្នុងបរិវេណសាលាខេត្ត ស្ថិត ក្នុង ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្រៅពីអគារថ្មីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏មានអគារចាស់ជាច្រើន និង ទីធ្លា ក្នុង សាលា ខេត្ត ត្រូវ បានធ្វើការជួសជុលកែលម្អ ទុកសម្រាប់មន្ត្រី បម្រើ ការងារ ជារៀងរាល់ថ្ងៃ ផងដែរ ៕