ខេត្តព្រះវិហារ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានអញ្ជើញដឹកនាំមន្ត្រីរាជការ បណ្តាស្ថាប័ន មន្ទីរ អង្គភាព កងកម្លាំងទាំង៣ អាជ្ញាធរក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរិទ្ធ និងយុវជនសមភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដើម្បីរំលឹកខួប៧០ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២៣) និងខួប១៩ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះរុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ មីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍នោះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី៧វិច្ឆិកា២០២៣ នៅស្ដូបវិមានឯករាជ្យ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងសុន្ទរកថា ថ្ងៃនេះជាថ្ងៃដ៏មហានក្ខឬក្ស ឧត្តុង្គឧត្តម ដែលខេត្តព្រះវិហារ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២៣) និងផ្សាភ្ជាប់ជាមួយ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិខួបលើកទី ១៩ឆ្នាំ របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈរបស់យើងផងដែរ។
លោកអភិបាលខេត្ត បានបន្តថា ពិធីនេះធ្វើឡើងក្នុងន័យ ដើម្បីសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយ អបអរសាទរ នៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គ ក៏ដូចជាការដឹងគុណនូវទិវាជាប្រវត្តិសាស្ត្រ និងស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទ្រង់បានលះបង់នូវព្រះកាយពល និងព្រះបញ្ញាណាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យប្រទេសកម្ពុជា ឲ្យរួចចាកផុតពីអាណានិគមនិយមបារាំង ដើម្បីមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប រហូតដណ្តើមបានទាំងស្រុងមកវិញនូវ ឯករាជ្យជាតិ ជូនជាតិមាតុភូមិពេញបរិបូរណ៍ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
លោក គីម រិទ្ធី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីអាណត្តិទី១ រហូត ដល់អាណត្តិទី៦ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះបរមរតនកោដ្ឋ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែងតែដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះអង្គ និងបានសម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ ក្នុងទឹកចិត្តប្រកបដោយ កត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះត្រង់ ចំពោះព្រះអង្គ ជាព្រះបិតា ឯករាជ្យជាតិ បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅថែរក្សា ការពាររដ្ឋធម្មនុញ្ញ ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការការរីកចម្រើនដូចសព្វថ្ងៃ និងបន្តដល់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេច មហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីកម្លាំងសាមគ្គីដ៏មុតស្រួចរបស់ប្រជាជាតិយើង ដែលមានតម្លៃជ្រាលជ្រៅ ជាប្រវត្តិសាស្រ្ត ដោយបានបង្កើតជាមូលដ្ឋានគ្រឹះរឹងមាំលើគ្រប់វិស័យ ដើម្បីធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរបស់កម្ពុជា៕ដោយ៖ឡុង សំបូរ