សៀមរាប៖ រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។
ជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។
ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត លោក ឡេក គិមលីន មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវដែលឡើងទៅទស្សនារួតបាកាណ។ ការឡើងលើរួតបាកាណនេះ គឺមានបញ្ញត្តិមួយចំនួនដូចជា ទី១ ការឡើងទៅលើកំពូលប្រាសាទ គឺមិនឱ្យលើសពី១០០នាក់ទេក្នុងពេលទស្សនាម្ដងៗ ដើម្បីបង្ការពីសុវត្ថិភាពរបស់ភ្ញៀវ និងដើម្បីការពារប្រាសាទ។
ទី២ តម្រូវឱ្យភ្ញៀវទេសចរទាំងឡាយគោរពទៅតាម(ក្រមប្រតិបត្តិអង្គរ)មិនស្លៀកពាក់ខ្លី មិនសមរម្យ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងសណ្តាប់ធ្នាប់ក្នុងកំឡុងពេលទស្សនា ហើយរយៈពេលទស្សនាទៀតសោត គឺមិនលើសពី១៥នាទីឡើយ។ ទី៣ ហាមក្មេងដែលមានអាយុក្រោម១២ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺខ្សោយបេះដូងឡើងទៅលើរួតបាកាណ ពីព្រោះតែជណ្ដើរមានរាងចោតខ្លាំង៕