ត្បូងឃ្មុំ: ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានអញ្ជើញ ប្រារព្ធ ពិធីក្រុងពាលី សាងសង់រង្វង់មូលអាងទឹកតាភួង ស្ថិត ក្នុង ភូមិជ័យនិគម ឃុំកណ្ដាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
គួរបញ្ជាក់ថា នេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តត្បូងឃ្មុំ ក្នុងសម័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខណៈ រង្វង់មូលហ្លួងព្រះស្តេចកន កំពុង កសាង ជិតរួចរាល់ហើយដែរ ដោយមានជាផ្លូវបេតុងព័ទ្ធជុំវិញ សួនច្បារទ្រូងផ្លូវ ភ្លើងអមសងខាងផ្លូវ (ផ្លូវចូលមកកាន់តំបន់រដ្ឋបាលខេត្ត),មានរៀបចំកែលម្អសោភណភាពសួនច្បារ ក្នុងខេត្ត និងសួនច្បារជុំវិញរង្វង់មូលក្នុងតំបន់រដ្ឋបាលខេត្ត ដោយមានលម្អដើមឈើផ្កា ភ្លើងបំភ្លឺ អមតាមដងផ្លូវ មានជាសួនតាមច្រំាងទន្លេសិប្បនិម្មិត អាងទឹកសោភ័ណត្បូងឃ្មុំ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋលម្ហែកាយ លំហាត់ប្រាណ និងមានកន្លែងកម្សាន្តនានា ជាច្រើនទៀត ផងដែរ ។
ទាំងនេះ គឺស្តែងឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ តាមរយៈយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល លើមាគ៌ាគោលនយោចតុកោណ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាស្ថាបនិកឯក បន្តសម្តេចធិបតី ហ៊ុន ម៉ាណែត លើមាគ៌ាគោលនយោបាយបញ្ចកោណ ដោយបន្តការរក្សាប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ក្នុងឱកានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕