អនិកជនខ្មែរនៅឯនាយសមុទ្ទបន្តឧបត្ថម្ភការកសាងសមិទ្ធផលនៅសាលារៀនខ្មែរ ចិនចុងវ៉ាស្រុកមង្គលបូរី

0

បន្ទាយមានជ័យ៖ ពលរដ្ឋបារាំងដើមកំណើតខ្មែរសែស្រឡាយចិនលោកចៅ គឹមហាន និងលោកស្រីឆាន់ សោយ៉ាន់ និងអនិកជនខ្មែរនៅបរទេសបន្តឧបត្ថម្ភការកសាងសមិទ្ធផលនៅសាលារៀនខ្មែរ ចិនចុងវ៉ា នាភូមិប្រឡាយហ្លួងឃុំឬស្សីក្រោកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។

លោកឧកញ៉ា អុឹង វ៉ាន់ម៉ៅ ប្រធានសមាគមខ្មែរ-ចិនមង្គលបុរី និងលោកនាយកសាលានេះបានមានប្រសាសន៍ប្រាប់អោយដឹងកាលពីថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០២៣ ថា : សាលារៀនខ្មែរ ចិនចុងវ៉ាស្រុកមង្គលបូរី បានបង្កើតឡើងនៅឆ្នាំ២០០០ ។
ដល់ឆ្នាំសិក្សា២០២៣-២៤ ខាងមុខ សាលាមានសិស្សកើនឡើងដល់៨៤៤នាក់/ស្រី៤១២នាក់ បុគ្គលិក៤៦នាក់/ស្រី៣៧នាក់ ។
ក្នុងនោះ ការសិក្សាពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៩ មាន២វេន ពេលព្រឹក បង្រៀនភាសាអង់គ្លេសនិងភាសាចិននិងរសៀលបង្រៀនភាសាខ្មែរ គឺពីថ្ងៃច័ន្ទដលថ្ងៃសៅរ៍ ។
ក្នុងនោះដែរ ចំពោះលទ្ធផលនៃការសិក្សាឆ្នាំ២០២១-២២កន្លងមកគឺបានល្អ សិស្សជាប់១០០% ។ ជាមោទនាភាព ក្នុងចំណោមសាលារៀន២៣០ នៅទូទាំងប្រទេស ឬដោយឡែក១៣សាលាក្នុងខេត្តបន្ទាយមានជ័យ ក្រសួងអប់រំ យុវជននិងកីឡាបានជ្រើសរើសសិស្សថ្នាក់ទី៨ នៃសាលារៀនចុងវ៉ានេះចំនួន៣០នាក់ អោយទៅចូលរួមធ្វើតេស្តថ្នាក់ជាតិលើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យានិងរូបវិទ្យា ។

លោកនាយកសាលាបានបន្តថា : ចំពោះការងារកសាងអគារសិក្សាជាន់ទី២ គឺយោងតាមកំនើនសិស្ស តែខ្វះបន្ទប់រៀន។ ហេតុនេះលោកឧកញ៉ាអ៊ឹង វណ្ណម៉ៅ ជាប្រធានសមាគមខ្មែរ ចិនស្រុកមង្គលបូរី បានឯកភាពកសាងអគារសិក្សាថែម១ជាន់ទៀត មានក្រឡាផ្ទៃ១.០៨០ម៉ែត្រក្រឡា ស្មើនឹង១០បន្ទប់(គឺបន្ទប់រៀន៨ បន្ទប់កុំព្យួទ័រ១និងទីចាត់ការ១) គម្រោងទឹកប្រាក់១៦ម៉ឺនដុល្លាសរអា ។
ហើយបានសាងសង់ពីខែមករាឆ្នាំ២០២៣ មក សម្រេចបាន៧០% ។ពោលគឺនៅសល់ក្រាលការ៉ូ ដាក់ទ្វារ បង្អួច បង្កាន់ដៃ តុ កៅអីសិស្ស ,ចាក់បេតុងបំពេញទីធ្លា និងផ្លូវចូល ។ ក្នុងនោះចំណូលសប្បុរសជនក្នុងនិងក្រៅប្រទេស ព្រមទាំងអតីតសិស្ស ទើបបាន៧ម៉ឺនដុល្លាសរអាប៉ុណ្ណោះ ឬនៅខ្វះ៩ម៉ឺនដុល្លាសរអាទៀតឯណោះ។

ទោះជាយ៉ាងណា នាពេលជួបជុំគ្នានេះ លោកចៅ គឹមហាននិងលោកស្រីឆាន់ សោយ៉ាន់ ពលរដ្ឋបារាំងដើមកំណើតខ្មែរសែស្រឡាយចិន បានឧបត្ថម្ភទឹកប្រាក់ចំនួន១៣.៣០០ដុល្លាសរអាសម្រាប់សាងសង់អគារជាន់ទី២ចំនួន១បន្ទប់ បំពាក់តុគ្រូ សិស្ស ។
អាចនិយាយថា បើគិតពីបង្កើតសាលានេះមក លោកទាំងពីររូបដែលជាស្ថាបនិកសាលានិងក្រុមគ្រួសារ សាច់ញាតិបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជិត១០ម៉ឺនដុល្លាសរអាមកហើយក្នុងការសាងសង់ និងផ្តល់សម្ភារ:។

ចំណែកលោកចៅ ឆុង និងលោកស្រីជា លិញ ពលរដ្ឋខ្មែររស់នៅស្រុកមង្គលបូរី ហើយសព្វថ្ងៃទៅស្នាក់នៅសហរដ្ឋអាមេរិក ដែលជាស្ថាបនិកសាលានេះដែរ ពេលនេះក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន១៣.៣០០ដុល្លាសរអាសម្រាប់ការសាងសង់បន្ត និងបំពាក់ឧបករណ៍ ។

លោកកែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យកោតសរសើរនិងថ្លែងអំណរគុណដល់ប្រធាន អនុប្រធាន សមាជិកសមាគម នាយក នាយករង លោកគ្រូអ្នកគ្រូ បុគ្គលិក សប្បុរសជនក្នុងនិងក្រៅប្រទេសរួមទាំងលោក លោកស្រីមានឈ្មោះដូចខាងលើ ក៏ដូចជាមន្ត្រីអាជ្ញាធរដែនដីនិងសមត្ថកិច្ចជំនាញដែលបានផ្តួចផ្តើម បង្កើត ស្ថាបនាឧបត្ថម្ភ គាំទ្រនិងអភិវឌ្ឍន៍គ្រឹះស្ថានសិក្សាឯកជនគឺសាលារៀនខ្មែរ ចិនចុងវ៉ានេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស .។

លោកកែសួន សុភាពបានជម្រុញ លើកទឹកចិត្តអោយសមាគមខ្មែរ ចិនស្រុកមង្គលបូរីក៏ដូចសាលារៀនចុងវ៉ានេះអោយបន្តដំណើរការលើទស្សនវិស៍យនិងបេសកកម្មរបស់ខ្លួនអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវបន្តទៀត ។
ពោលគឺការរៀន បង្រៀន ត្រូវតែមានទាំងបរិមាណនិងគុណភាពបន្ថែមទៀត ស្របតាមមុំអភិវឌ្ឍន៍ធនធានមនុស្សនិងគុណភាពអប់រំក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ។

សូមបញ្ជាក់ដែរថា ក្នុងពិធីនោះ មានរៀបចំពិសារអាហារសាមគ្គីដើម្បីបង្កើនភាពស្និតស្នាល និងអង្គាស ហើយរកបានថវិកាឧបត្ថម្ភការកសាងសមិទ្ធផលបន្ត៕ដោយ៖ឃិន គន្ធា