រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបញ្ជាអោយមន្ទីរជំនាញជួសជុលផ្លូវលំមួយខ្សែជិត៣គីឡូម៉ែត្រជាបន្ទាន់នៅឃុំត្រាំកក់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខណៈផ្លូវនេះកំពុងមានស្ថានភាពលំបាកខ្លាំងក្នុងការធ្វើចរាចរណ៍

0

តាកែវ៖ ក្រោយទទួលបានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវលំចូលវត្តថ្មកែវ ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវអោយជួយជួសជុលផ្លូវលំមួយខ្សែប្រវែងជិត ៣គីឡូម៉ែត្រ  ដែលកំពុងជួបការលំបាកខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់ ក្រោយរដូវភ្លៀងធ្លាក់មានចង្ហុកធំៗ ទឹកដក់ ឥឡូវនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជារអោយមន្ទីរជំនាញអភិវឌ្ឍន៍ជនបទខេត្ដតាកែវ ធ្វើការជួសជុលឡើងវិញ ដោយចាក់គ្រួសក្រហមហើយ នៅព្រឹកថ្ងៃ ១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ។ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានអោយដឹងថា ក្រោយទទួលបានការស្នើរសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរលើដងផ្លូវលំមួយខ្សែខាងលើ កំពុងមានសភាពលំបាក ក្រោយស្ថានភាពរដូវភ្លៀងធ្លាក់ បង្ករអោយផ្លូវមានសភាពខូចខាត មានចង្ហុកធំៗ និងមានទឹកដក់ជាច្រើន ពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឥឡូវនេះត្រូវបានចាប់ផ្ដើមជួសជុល កែលម្អឡើងវិញហើយ បន្ទាប់ពីមានការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។ លោក លីវ សំណាង បន្តរថា ការជួសជុលផ្លូវមួយខ្សែនេះ យើងត្រូវឈូស និងគៀរយកដីជ្រំចេញពីផ្លូវ រួចចាក់ដីគ្រួសក្រហម ពីលើបន្ថែម ដើម្បីធានាអោយបានគុណភាពផ្លូវមានសភាពធនជាប់បានយូរ ហើយការជួសជុលផ្លូវមួយខ្សែនេះ ដែរអាចប្រើប្រាស់ពេលវេលា មួយសប្ដាហ៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការយោគយល់ និងសម្រួលការធ្វើដំណើរទៅតាមផ្លូវវៀងនានាដែលទៅបាន ។

តំណាងក្រុមប្រឹក្សាឃុំត្រាំកក់ បានអោយដឹងថា ផ្លូវមួយខ្សែនេះជាផ្លូវលំមួយសំខាន់ ដែលតរភ្ជាប់ព្រំប្រទល់ពីស្រុកត្រាំកក់ ខេត្តតាកែវ ដល់ស្រុកអង្គរជ័យ ខេត្តកំពត ដែលអាចអោយបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារធ្វើចរាចរណ៍ឆ្លងកាត់លើផ្លូវនេះ ដឹកជញ្ជូនកសិផល ដំណាំបន្លែ មកទិញលក់ដូរនៅក្នុងផ្សារត្រាំកក់ ផងដែរ ។ តាកែវ