ពលរដ្ឋស្រុក បាធាយ បានលើកបញ្ហាផ្សេងៗ ចំនួន១៣ ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម

0

កំពង់ចាម: ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ កង្វល់ និង ទំនាស់ ចំនួន ១៣ករណី ត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ធ្វើការឆ្លើយតបបានមួយចំនួនភ្លាមៗ ចំនួន ៧ករណី នៅ សេសសល់ ចំនួន ៦ករណី ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមនីតិវិធីរដ្ឋបាល ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ០២៣ នៅវត្តសុវណ្ណគិរី(វត្តជើងឆ្នុក) ស្ថិត ក្នុង ឃុំតាំងក្រាំង ស្រុកបាធាយ ក្រោមវត្តមាន ឯកឧត្តម ហៃ ងួនលី សមាជិក ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គន់ សុភា អភិបាលរងខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានោះ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម គន់ សុភា បានដឹកនាំការឆ្លើយតបចំពោះ សំណើរ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងរួមមាន បញ្ហា ជីក កកាយ យក ថ្ម ភ្នំ បញ្ហា ប្រឡាយ ទឹក កម្មសិទ្ធិ រួម បញ្ហា ទំនាស់ ព្រំ ដី បញ្ហា គ្រប់គ្រង ដី មេទឹក ប្រាំង តាសុខ ស្នើសុំ ផ្លូវ បេតុង មួយ ខ្សែ សុំ កែ សំបុត្រ កំណើត និង អត្តសញ្ញាណប័ណ្ណ បញ្ហា ប័ណ្ណ ក្រីក្រ និង សុំ ប័ណ្ណ ក្រីក្រ សុំ ជួសជុល ផ្លូវ កៅស៊ូ និង ទំនាស់ បញ្ជា ដោះដូរ ដី ។ ល។

តំណាង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម ហៃ ងួនលី បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺមានគោលបំណងដើម្បី ផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ មានសមត្ថ កិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានស្នើឡើង ។

ជាមួយគ្នានោះ ឯកឧត្តម ហៃ ងួនលី សមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តម បានគូសបញ្ជាក់ថា ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយ អ្នកចូល រួមទាំងអស់ ហើយធ្វើការឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការ ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឱ្យកាន់តែល្អ ប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព និងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕